ហាម៉ាសថា ការព្រមានរបស់ ត្រាំ បន្ថែមភាពស្មុគស្មាញដល់បទឈប់បាញ់ហ្កាហ្សា
ប្រភព៖ AFP
ហ្កាហ្សា៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា ការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យក្រុមរបស់ខ្លួនឆាប់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល បង្កភាពស្មុគស្មាញថែមទៀតដល់ដំណើរការ សម្រេចបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា នៅដំណាក់កាលថ្មី។
លោក Sami Abu Zuhri បានថ្លែងដូច្នេះថា «លោក ត្រាំ
ត្រូវតែចង់ចាំថា វាជាកិច្ចព្រមព្រៀងដែលត្រូវបានគោរព ដោយភាគីទាំងសងខាង
ហើយជាវិធីតែមួយគត់ដែលនាំទៅដល់ ការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល។ ភាសាគំរាមកំហែង
គ្មានតម្លៃទេ និងនាំមកនូវតែភាពស្មុគស្មាញបន្ថែមប៉ុណ្ណោះ»។
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា
ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ
បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៊ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ
កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង
ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ ចំពោះមុខការចោទប្រកាន់គ្នាទៅវិញទៅមក
ពីការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៊ីស្រាអែល៕

Post a Comment