ក្រសួងប្រៃសណីយ៍ប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិបានប្រមាណ៨០៤ លានដុល្លារ ក្នុងរយៈពេល៥ ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤ លានដុល្លារអាម៉េរិក ហើយបើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ
៥ ឆ្នាំ ២០២២-២០២៥ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល
និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៥ ខែកុម្ភៈ
ឆ្នាំ២០២៥នេះ ឯកឧត្តមបន្តថា
ទន្ទឹមនឹងការសម្រេចបានការងារសំខាន់ៗជាច្រើន
ក្រសួងក៏បានរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ
ចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការផ្ទៃក្នុង, លើកកម្ពស់សុខុមាលភាព
និងផ្តល់ការលើកទឹកដល់មន្ត្រីរាជការ តាមរយៈការបង្កើនប្រាក់រង្វាន់
ការផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងថ្នាក់និងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស
បណ្ណសរសើរ, ជាពិសេសយកចិត្តទុកដាក់កៀរគរធនធានមនុស្ស
និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈ កម្មវិធីផ្តល់អាហារូបករណ៍
និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា
លើការងារកែទម្រង់អង្គភាព ក្រសួងក៏
បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
(CADT), បែងចែក
តួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន
និងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, កែទម្រង់ សហគ្រាសទូរគមនាគមន៍កម្ពុជា
និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ
និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ។
ឯកឧត្តម ជា វ៉ាន់ដេត
បានបញ្ជាក់ឲ្យដឹងដែរថា ពីឆ្នាំ២០២០-២០២៤
ក៏ជាអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុម័តឯកសារសំខាន់ៗចំនួន៤ គឺ
“ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “គោលនយោបាយរដ្ឋាភិបាល
ឌីជីថលកម្ពុជា ២០២២-២០៣៥”, “គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០”
និង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”
ដែលឯកសារទាំងអស់នេះ
គឺជាប្រទីបនិងជាត្រីវិស័យបំភ្លឺនិងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្នុងការជំរុញ ការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួល
ខុសត្រូវរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍
និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល
ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល
សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល៕
Post a Comment