ត្រាំ​ ជួបសន្ទនាតាមទូរស័ព្ទជាមួយ ពូទីន អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន​

 ប្រភព៖ Reuters

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់បានជជែកជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ក្នុងបទសម្ភាសន៍មួយនៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថា​លោក ពូទីន មិនចង់ឃើញមនុស្សស្លាប់ តទៅទៀត នោះទេ។ លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិកនេះទៀតថាលោកតែងតែមានទំនាក់ទំនងល្អជានិច្ច ជាមួយលោក ពូទីន ហើយថារូបលោកមានផែនការយ៉ាងហ្មត់ចត់មួយក្នុងការបញ្ចប់ សង្រ្គាម។ តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីលម្អិតនោះទេ។ «ខ្ញុំសង្ឃឹមថាវាដំណើរការយ៉ាងលឿនរហ័ស។ មនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ។ នេះជាសង្រ្គាមដ៏អាក្រក់នៅអ៊ុយក្រែន។ ខ្ញុំចង់បិទ បញ្ចប់រឿងដ៏អាក្រក់មួយនេះ»

កាលពីចុងខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយ ថាទីក្រុងមូស្គូកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន។ ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថារូបលោកអាចនឹងបើកកិច្ចសន្ទនាជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាពីការបិទបញ្ចប់សង្រ្គាម៕

 


Powered by Blogger.