គីម ជុងអ៊ុន ប្ដេជ្ញាបន្តអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

 ប្រភព៖ Reuters

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សន្យាថានឹងវិធានការ ទប់ទល់ ក្នុងនោះរួមមានទាំងការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ និងបានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថាជាដើមហេតុបង្កើនភាពតានតឹងនៅក្នុងតំបន់។

លោក គីម ជុងអ៊ុន បានកត់សម្គាល់ទៀតថាការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ការធ្វើសមយុទ្ធ រួមទាំង កិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង បានបង្កឱ្យមានអតុល្យភាពយោធាក្នុងតំបន់ និងបង្កជាបញ្ហាប្រឈមកាន់តែមានសភាពធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខ។ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់អំឡុងធ្វើទស្សនកិច្ចមួយទៅកាន់ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ដើម្បីរំឮកដល់ខួបបង្កើតកងទ័ពកូរ៉េកូរ៉េខាងជើងថា «DPRK (ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង) មិនចង់បង្កភាពតានតឹងក្នុងតំបន់នោះទេ ប៉ុន្តែដាច់ខាតត្រូវតែចាត់វិធានការទប់ទល់ ដើម្បីធានាតុល្យភាពយោធាតំបន់»

អំឡុងធ្វើទស្សនកិច្ចនោះ លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីឡើងវិញថាកូរ៉េខាងជើងនឹងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយពាក់ព័ន្ធ នឹងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនវិញ លោក គីម បានអះអាងថាកងទ័ព និងប្រជាជនកូរ៉េខាងជើង នឹងគាំទ្រដោយឥតងាករេចំពោះរុស្ស៉ី ហើយនឹងលើកទឹកចិត្តដល់បុព្វហេតុរបស់កងទ័ព និងប្រជាជនរុស្ស៉ីក្នុងការការពារ អធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ស្របទៅតាមស្មារតីនៃសិទ្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៉ី។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃសៅរ៍ បាននិយាយថាលោកនឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំង២ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕



 

Powered by Blogger.