មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយ​អភិវឌ្ឍ​ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ថ្លែងនៅក្នុងពីធីបើក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅសាលប្រជុំអគារ D សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយ​អភិវឌ្ឍ​ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាល​ភាព​​​របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិ​សេ​ស ចូលរួមចំណែកកាត់បន្ថយ​ភាពក្រីក្រ និងអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព​ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។ 

ឯឧត្តម បានបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការ​ងា​ររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួ​ល​របបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋបន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ និងបានចុះឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧត្ថម្ភក្នុងអំឡុងពេលសិក្សានេះផងដែរ។

ដោឡែក ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញជា អធិបតី ក្នុងសិក្ខាសាលានេះផងដែរ បានចាត់ទុក សិក្ខាសាលាថ្នាក់ខេត្តស្តីពីបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នាពេលនេះពិតជាមានសារៈសំខាន់និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានសុខុមាលភាពជនពិការ បានសហការជាមួយអង្គការ UNICEF និងកម្មវិធីACCESS II តែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ដល់ជន បង្គោលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការផ្តល់សេវាជូនជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបរិយាបន្ន។ហើយសិក្ខាសាលានេះជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បីរៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ចែករំលែកនូវបទពិសោធន៍ល្អៗបន្ថែមទៀតឱ្យកាន់តែមានភាពប្រសើរឡើង ក្នុងការបំពេញការងារជូនជនមានពិការភាព ពីដំណាក់មួយទៅដំណាក់កាលមួយ ​ ការ​កសាងសមត្ថភាពគ្រូបង្គោលឃុំ សង្កាត់ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕











Powered by Blogger.