ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាមេរិក ចេញពី WHO
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ដោយនិយាយថា ទីភ្នាក់សុខាភិបាលសកលមួយនេះគ្មានសមត្ថភាពដោះស្រាយកូវីដ១៩ និងវិបត្តិសុខាភិបាលអន្តរជាតិនានាផ្សេងទៀត។
តាមរយៈបទបញ្ជាប្រតិបត្តិខាងលើរបស់លោក ដូណាល់
ត្រាំ សហរដ្ឋអាមេរិកនឹងចាកចេញពី WHO ក្នុងរយៈពេល១២ខែ
ហើយបញ្ឈប់រាល់ការចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុទាំងឡាយ។ សហរដ្ឋអាមេរិក
គិតត្រឹមពេលនេះគឺជាអ្នកផ្ដល់ហិរញ្ញវត្ថុធំជាងគេបំផុតសម្រាប់ WHO។
លោក ត្រាំ បាននិយាយថា WHO
បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលរបស់បណ្ដាប្រទេសមួយចំនួនដែលជាសមាជិក
WHO ហើយបានតម្រូវឱ្យសហរដ្ឋអាមេរិកបង់វិភាគទានដោយអយុត្តិធម៌
ដែលមិនសមាមាត្រទៅនឹងវិភាគទានផ្ដល់ដោយប្រទេសធំៗដទៃដូចជាចិនជាដើម។
នៅឯពិធីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លោក ត្រាំ បានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។
ដូច្នេះរឿងបែបនេះនឹងមិនកើតឡើងជាថ្មីទេ»។
ការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះត្រូវបានគេរំពឹងទុកជាមុនទៅហើយ
ដោយកាលពីឆ្នាំ២០២០ លោក ត្រាំ
ក៏បានចាត់វិធានការដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការមួយនេះដែរ ដោយចោទថា WHO
ជួយដល់កិច្ចប្រឹងប្រែងរបស់ចិនក្នុងការបំភ័ន្តពិភពលោកអំពីប្រភពដើមនៃកូវីដ១៩៕

Post a Comment