ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ជាលើកទី២

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២០ ខែមករា ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ការសម្រេចចិត្តរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអ៊ីរ៉ង់ លីប៊ី និងយេម៉ែន ដែលសុទ្ធសឹងជាប្រទេសមិនចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះ មានគោលដៅរឹតត្បិតការកើនឡើងកម្ដៅផែនដីកុំឱ្យកើនឡើងលើស ១.៥អង្សាសេ។

អំឡុងអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ តែលោក ចូ បៃដិន បាននាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ក្នុងឆ្នាំ២០២១ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដក ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងតាមពាក្យសន្យា នៅចំពោះមុខអ្នកគាំទ្រនៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន៕



 

Powered by Blogger.