សង្គមស៊ីវិលចិនរួមចំណែកស្ថាបនាអនាគតកាន់តែប្រសើរជូនដល់ជនពិការនៅជនបទ
ខេត្តសៀមរាប៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោកស្រី Qiu Lili ស្ថាបនិកនិងជាប្រធានមូលនិធិចិន PEACELAND បានជួបពិភាក្សាជាមួយសិស្សានុសិស្ស គណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន២ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាសង្កាត់រុនតាឯកសរុបចំនួន១០០រូប លើគម្រោងជួយលើកកម្ពស់ជីវភាពជូនដល់ជនពិការនៅជនបទ ព្រមទាំងសាទរទទួលអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន។
លោកស្រី Qiu Lili បានកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្កាត់រុនតាឯក ហើយលោកស្រីបានបង្ហាញនូវឆន្ទៈក្នុងនាមសង្គមស៊ីវិលមួយរបស់ប្រទេសចិនក្នុងការរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរួមគ្នានៅក្នុងចរន្តអភិវឌ្ឍ។
ដោយឡែក ក្នុងនាមជាសង្គមស៊ីវិលដែលបំពេញការងាររួមចំណែកក្នុងការបោសសម្អាតមីននៅកម្ពុជា លោកស្រីបានរំលេចពីបេសកកម្មការងាររបស់មូលនិធិចិន PEACELAND នៅក្នុងការចូលរួមជាចំណែកមួយដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ និងផ្តល់ជូនវិបុលភាពដល់ជនពិការនិងក្រុមគ្រួសារ។ សកម្មភាពនាថ្ងៃនេះ ក៏ជាការសរសេរបញ្ចូលទំព័រថ្មីនៃទំនាក់ទំនងរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ដែលបានពួតដៃគ្នាពង្រឹងនូវទំនាក់ទំនងដែកថែបរវាងប្រទេសយើងទាំងពីរ។
លោក មឿន មិត្ត សមាជិកក្រុមប្រឹក្សាសង្កាត់រុនតាឯកបានសាទរអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំម៉្សាញ់ ហើយលោកបានយកឱកាសឆ្នាំថ្មីនេះធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សង្គមស៊ីវិលចិនក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស្វះស្វែង និងកៀគរជំនួយពីមិត្តចិន ព្រមទាំងផ្តល់ជាគតិបំភ្លឺផ្លូវជួយដល់ជនពិការក្នុងស្មារតីលើកកម្ពស់ជីវភាពរស់នៅដល់ក្រុមគ្រួសារជនពិការ។
លោកបន្ថែមថា ដោយបូកសរុបលទ្ធផលការងារពេញ១ឆ្នាំ២០២៤កន្លងមក ក្នុងស្មារតីរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន មូលនិធិចិន PEACELAND បានបង្កើននូវសកម្មភាពជាច្រើនលើកកម្ពស់ជីវភាពជនពិការដូចជាការផ្តល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ការផ្តល់កង់និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើតមុខរបរលក្ខណៈគ្រួសារជូនដល់ជនពិការ និងការផ្តល់សម្ភារសិក្សាជូនដល់កូនចៅរបស់ជនពិការជាដើម។ លោកចាត់ទុកថាមូលនិធិចិន PEACELAND ដែលជាសង្គមស៊ីវិលមួយរបស់ចិនរួមចំណែកស្ថាបនាអនាគតដ៏ភ្លឺស្វាងជនពិការនៅជនបទ ថ្ងៃនេះជាសក្ខីភាពបន្ថែមមួយទៀតដែលមូលនិធិចិន PEACELAND និងមូលនិធិចិន SANYIបានជួយសម្របសម្រួលរៀបចំហាងកាត់សក់សម្រាប់ជូនដល់ជនពិការអាចប្រកបរបរដោយខ្លួនឯងបាន។
លោក ដែង ឌីណេ តំណាងឱ្យជនពិការរស់នៅក្នុងសង្កាត់រុនតាឯកបានថ្លែងអំណរគុណដល់មូលនិធិចិន PEACELAND ដែលតែងបំពេញសកម្មភាពយ៉ាងខ្លាំងក្លាជួយដល់ជីវភាពជនពិការ។ លោកបន្ថែមថា ចាប់តាំងពីមានវត្តមាននៅសង្កាត់រុនតាឯក មូលនិធិចិន PEACELAND មិនត្រឹមជួយដល់ជនពិការជាពិសេសប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងចរន្តនៃការអភិវឌ្ឍរបស់សង្កាត់រុនតាឯកថែមទៀត ដូចជាការដាក់អំពូលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ការចែកដបទឹកអ៊ីណុកកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ការចែកធុងសំរាមនិងការអប់រំពីការទុកដាក់សំរាម ការកែលម្អផ្ទះបាយនៅក្នុងសាលាបឋមសិក្សា ការចែកកាតាបសម្ភារសិក្សា និងការចែកកង់ជាដើម។ ក្រោមជំនួយពីមូលនិធិចិន SANYI ហាងកាត់សក់ដែលបានដំណើរការនាថ្ងៃនេះ គឺជាស្ពានដ៏សំខាន់មួយនៃការរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ហើយក៏ជាដែកឆក់នាំយកមិត្តចិនកាន់តែច្រើនមកទស្សនាសង្កាត់រុនតាឯកនេះផងដែរ។
លោក ហ៊ីង ហ៊ឹម នាយកសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកបានថ្លែងដោយក្តីរីករាយថា មូលនិធិចិន PEACELAND នេះជាលើកទី១ដែលសិស្សានុសិស្សនៅជនបទបានសាទរដោយផ្ទាល់ជាមួយជនជាតិចិនក្នុងការទទួលអំណរឆ្នាំថ្មី ប្រពៃណីជនជាតិចិន។ សិស្សានុសិស្សបានរៀនពាក្យជូនពរជាភាសាចិន បានយល់ដឹងយ៉ាងស៊ីជម្រៅពីប្រវត្តិ និងពីវិធីទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិនក្នុងការទទួលអំណរឆ្នាំថ្មី។ លោកសង្ឃឹមថា ពិធីសាទរចូលឆ្នាំថ្មីនេះនឹងក្លាយជាគីឡូម៉ែត្រចេញដំណើរដ៏ល្អសម្រាប់ប្រជាជនកម្ពុជានៅក្នុងសង្កាត់រុនតាឯកក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិលនានារបស់ចិនដែលមានមូលនិធិចិន PEACELAND ជាមិត្តចាស់ ជាមិត្តយល់ចិត្ត និងជាកល្យាណមិត្តរបស់អ្នករស់នៅក្នុងសង្កាត់រុនតាឯកនេះ៕
Post a Comment