ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីពន្ធអប្បបរមាសាជីវកម្មសកល
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងពន្ធអប្បបរមាសាជីវកម្មសកលលែងមានអនុភាព ឬធរមាន នៅសហរដ្ឋអាមេរិកទៀតហើយ ដោយលោកបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដែលបានព្រមព្រៀងនៅឆ្នាំ២០២១ ដោយរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ជាមួយប្រទេសជិត១៤០។
តាមរយៈអនុស្សរណៈរបស់ប្រធានាធិបតីដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែង
ក៏បានបញ្ជាឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិករៀបចំជម្រើសនានាសម្រាប់ជាវិធានការការពារ ប្រឆាំងនឹងប្រទេសដែលដាក់ឬទំនងជាងដាក់កិច្ចព្រមព្រៀងនេះជាធរមានដែលជះឥទ្ធិពលមិនសមាមាត្រដល់ក្រុមហ៊ុនអាមេរិក។
អនុស្សរណៈនេះបានឱ្យដឹងថា៖ «ដោយសារតែកិច្ចព្រមព្រៀងពន្ធសកល និងការអនុវត្តពន្ធបរទេសបែបរើសអើងផ្សេងទៀត
ក្រុមហ៊ុនអាមេរិកអាចនឹងប្រឈមរបបពន្ធអន្តរជាតិបែបសងសឹក
ប្រសិនបើសហរដ្ឋអាមេរិកមិនគោរពតាមគោលបំណងគោលនយោបាយពន្ធបរទេស»។
អនុស្សារណៈនេះបានឱ្យដឹងទៀតថា៖ «អនុស្សរណៈនេះដណ្តើមយកអធិបតេយ្យភាព
និងការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសយើងមកវិញតាមរយៈការបញ្ជាក់ថា
កិច្ចព្រមព្រៀងពន្ធសកលមិនមានអនុភាព ឬធរមាននៅសហរដ្ឋអាមេរិក»។
សហភាពអឺរ៉ុប ចក្រភពអង់គ្លេស
និងប្រទេសផ្សេងទៀតបានអនុម័តពន្ធអប្បបរមាសាជីវកម្មសកលចំនួន ១៥%
ប៉ុន្តែសភាសហរដ្ឋអាមេរិកមិនដែលអនុម័តវិធានការនានាដើម្បីឱ្យសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងពន្ធសកលនេះទេ។
សហរដ្ឋអាមេរិកមានពន្ធអប្បបរមាសកលប្រហែល ១០%
ពោលគឺជាផ្នែកមួយនៃកញ្ចប់កាត់បន្ថយពន្ធឆ្នាំ២០១៧ របស់លោក ត្រាំ
ដែលត្រូវបានអនុម័តដោយគណបក្សសាធារណរដ្ឋ។
ប៉ុន្តែបណ្តាប្រទេសដែលបានអនុម័តពន្ធអប្បបរមាសកល
១៥%
អាចស្ថិតក្នុងស្ថានភាពមួយដែលអាចប្រមូលពន្ធបន្ថែមបង្គ្រប់ពីក្រុមហ៊ុនអាមេរិកដែលបង់ពន្ធក្នុងអត្រាទាបជាងពន្ធអប្បបរមាសកល។
អនុស្សរណៈរបស់លោក ត្រាំ បានហៅវិធានការយកពន្ធបន្ថែមនេះថាជាការសងសឹក។
កាលពីឆ្នាំ២០២១
អតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet
Yellen បានយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីកិច្ចព្រមព្រៀងពន្ធអប្បបរមាសាជីវកម្មសកលនេះ
ក្រោយពេលដែលមានការជាប់គាំងការចរចារអស់រយៈពេលជាច្រើនឆ្នាំស្តីពីបញ្ហាពន្ធសកលនេះដែលដំបូងឡើយរៀបចំដោយអង្គការសហប្រតិបត្តិការ
និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស
ក្នុងគោលបំណងបញ្ចប់ការកាត់បន្ថយអត្រាពន្ធសាជីវកម្មដើម្បីភាពចំណេញខាងផ្នែកប្រកួតប្រជែង៕
Post a Comment