រដ្ឋមន្រ្តី ទិត ទីណា ណែនាំប្រជាកសិករឱ្យចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើបស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤
រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី
ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងក្រសួងធនធានទឹក និងឧតុនិយម
ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី
បានទទួលនូវសំណើរបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព
តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់
ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន
«មានហូប មានប្រើ មានបាន និងមានរហូត»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានលើកឡើងពីសារប្រយោជន៍នៃសហគមន៍កសិកម្មទំនើប
ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ
ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប
និងមានទីផ្សារពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី
បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ
នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម
និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ
ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា
គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច
និងមាននិរន្តរភាព។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម
ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍
និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត
និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី
បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម
និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី
ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត
ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ
ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា
ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
Post a Comment