ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង៣៦%
ភ្នំពេញ៖ តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៦៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា
ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន៦៦៦ ២៥៦ ៧៩៩ដុល្លារ
ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ។
គិតត្រឹមឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៣៤ដុល្លារ ក្នុង១តោន ស្មើនឹង៤៧%
ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ
ឆ្នាំ២០២៤ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧
១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤%
និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣
ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន
ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក
កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕

Post a Comment