អាស៊ាន រក្សាការសម្រេចចិត្តហាមថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន

 ប្រភព៖ Reuters

បរទេស៖ បណ្ដារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ASEAN បានប្រកាន់ជំហរដដែល ដោយរក្សាការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន និងកំណត់ការចូលរួមរបស់មីយ៉ាន់ម៉ាត្រឹមកម្រិតមិនមែនអ្នកនយោបាយ។ នេះជាការបញ្ជាក់របស់ម៉ាឡេស៊ីដែលឆ្នាំនេះជាប្រធានអាស៊ាន

នៅ​ឯកិច្ចប្រជុំចង្អៀតមួយកាលពីចុងសប្ដាហ៍កន្លងទៅ អាស៊ានក៏បានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរថាឱ្យគិតគូរជាអាទិភាពលើការស្វែងរកសន្តិភាព ជាជាងការរៀបចំការបោះឆ្នោត នៅចំពោះមុខការកើនឡើងជម្លោះ នៅក្នុងសង្រ្គាមស៊ីវិលក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ ហើយចាប់ផ្ដើមកិច្ចសន្ទនា និងបិទបញ្ចប់អរិភាពជាបន្ទាន់។

ជាមួយគ្នានេះ អាស៊ានបានអំពាវនាវាជាច្រើនលើកច្រើនសារមកហើយ ឱ្យភាគីសង្រ្គាមនៅមីយ៉ាន់ម៉ាបញ្ឈប់ ការវាយប្រយុទ្ធគ្នា និងបានប្រាប់អ្នកតំណាងរបបសឹកថាឱ្យអនុញ្ញាតលំហូរជំនួយមនុស្សធម៌ទៅដល់ដៃជនស៊ីវិលដោយគ្មានការរំខាន។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុង ភាពចលាចលនៃសង្រ្គាមស៊ីវិល ក្រោយយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១៕






 

Powered by Blogger.