ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង និយាយទូរស័ព្ទជាមួយ លោក បៃដិន ក្រោយសភាបោះឆ្នោតដកតំណែង លោក Yoon

 ប្រភព៖ Reuters

សេអ៊ូល ទីក្រុងសេអ៊ូល បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ថា ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង គឺលោក Han Duck-soo បាននិយាយជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

ការិយាល័យលោក Han បាននិយាយថា អំឡុងកិច្ចសន្ទនានោះ លោក Han បានលើកឡើងដូច្នេះថា «កូរ៉េខាងត្បូងនឹងបន្ត​អនុវត្ត គោលនយោបាយការបរទេស និងសន្តិសុខរបស់ខ្លួន ដោយមិនមានការរាំងស្ទះឡើយ ហើយនឹងប្រឹងប្រែងធានាឱ្យបានថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ត្រូវបានរក្សាឱ្យនៅដដែល និងអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួន»។ ចំណែក លោក បៃដិន បានប្រាប់លោក Han វិញថា សម្ព័ន្ធភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងគ្មានការប្រែប្រួលឡើយ ហើយសហរដ្ឋអាមេរិក នឹងបន្តធ្វើការរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីអភិវឌ្ឍ និងពង្រឹងបន្ថែមទៀត នូវសម្ព័ន្ធភាពនេះ ព្រមទាំងកិច្ចសហប្រតិបត្តិការត្រីភាគី រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

លោក Han ដែលជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានក្លាយជាប្រធានាធិបតីស្តីទី បន្ទាប់ពីសភាកូរ៉េខាងត្បូង បានបោះឆ្នោតអនុម័តលើ សំណើដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍ ជុំវិញការប៉ុនប៉ងដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹកមិនបានសម្រេច កាលពីសប្តាហ៍មុន។ ប្រការនេះធ្វើឱ្យ លោក Yoon ត្រូវបានផ្អាកឱ្យមិនអនុវត្តអំណាច​ប្រធានាធិបតីជាបណ្តោះអាសន្ន ស្របពេលដែលតុលាការធម្មនុញ្ញ ដែលជាអ្នកសម្រេចចិត្តចុងក្រោយ នឹងពិចារណាថា តើត្រូវតែដកលោក Yoon ចេញពីតំណែងដែរ ឬក៏យ៉ាងណា។

ប្រសិនបើ តុលាការទទួលស្គាល់សំណើដកតំណែងនេះដែរ នោះលោក Yoon​ នឹងក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូង ដែលត្រូវបានទម្លាក់ចេញពីអំណាច បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye កាលពីឆ្នាំ២០១៧៕



 

Powered by Blogger.