លោក Yoon Suk Yeol ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញក្រៅប្រទេស

 ប្រភព៖ AFP

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេស ស្របពេលដែលប៉ូលិស កំពុងតែស៊ើបអង្កេតរូបលោក ជុំវិញការប៉ុនប៉ងបរាជ័យ ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន។

លោក Yoon បានប្រកាសដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារសប្តាហ៍កន្លងទៅ អស់រយៈពេលប្រមាណជា ៦ម៉ោង មុនដកចេញទៅវិញ បន្ទាប់ពីសភាកូរ៉េខាងត្បូង បោះឆ្នោតប្រឆាំងវិធានការនោះ។ កាលពីថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោត លើនីតិវិធីចោទប្រកាន់ ដើម្បីដកតំណែង លោក Yoon Suk Yeol ប៉ុន្តែទទួលបរាជ័យ ក្រោយ​ក្រុមសមាជិកសភាបក្សកាន់អំណាចរបស់ លោក Yoon នាំគ្នាធ្វើពហិការ។

អំឡុងសវនាការមួយនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូង សមាជិកសភាបានចោទសួរទៅកាន់ លោក Bae Sang-up ដែលជា​មន្រ្តីនៃក្រសួងយុត្តិធម៌ថា តើ លោក Yoon ដែលរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាម​ដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដែរឬយ៉ាងណានោះ លោក Bae បានឆ្លើយតបថា ត្រឹមត្រូវហើយ គឺលោក Yoon ត្រូវបានហាមឃាត់៕



 

Powered by Blogger.