UN ៖ ជម្លោះថ្មីនៅភាគឦសានស៊ីរី អាចនឹងបង្កផលវិបាកយ៉ាងធំធេង
ប្រភព៖ Reuters
បេរូត៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ស៊ីរី លោក Geir Pedersen បាននិយាយថា ភាពតានតឹងនៅភាគឦសាននៃប្រទេសស៊ីរី រវាងកងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិក និងកងកម្លាំងគាំទ្រដោយតួកគី គួរតែត្រូវបានដោះស្រាយតាមរយៈដំណោះស្រាយនយោបាយ បើពុំដូច្នោះទេនឹងបង្កទៅជាផលវិបាកយ៉ាងធំធេងដល់ស៊ីរីទាំងមូល។
លោក Geir Pedersen បានគូសបញ្ជាក់ថា៖«ប្រសិនបើស្ថានការណ៍ក្នុងតំបន់ភាគឦសានមិនត្រូវបានដោះស្រាយដោយត្រឹមត្រូវទេ
នោះវាអាចនឹងបង្កជាផលវិបាកយ៉ាងធំធេងដល់ស៊ីរីទាំងមូល ឬបង្កទៅជាវិបត្តិជនភៀសខ្លួន
សាជាថ្មី»។
ជម្លោះបានកើនឡើងជាលំដាប់រវាងក្រុមឧទ្ទាមស៊ីរីគាំទ្រដោយតួកគី
និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក
នៅឯភាគឦសាននៃប្រទេសស៊ីរី ចាប់តាំងពី របបដឹកនាំរបស់លោក Bashar al-Assad ដួលរលំកាលពីថ្ងៃទី៨ ខែធ្នូមក។ ក្រុមឧទ្ទាមគាំទ្រដោយតួកគី
បានវាយដណ្ដើមទីក្រុង Manbij ពី SDF កាលពីថ្ងៃទី៩
ខែធ្នូ ហើយអាចនឹង ត្រៀមលក្ខណៈវាយប្រហារលើទីក្រុង Kobani ឬទីក្រុង
Ayn al-Arab ស្ថិតនៅភាគឦសានជាប់ព្រំដែនជាមួយតួកគី។
SDF ដែលស្ថិតនៅក្រោមការដឹកនាំដោយក្រុមឧទ្ទាមឃើដ
YPG ត្រូវបានស្នើឱ្យដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ភាគឦសាន
ជាថ្នូរនឹងបទឈប់បាញ់ពេញលេញមួយ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan
Fidan បានលើកឡើងក្នុងជំនួបជាមេដឹកនាំថ្មីរបស់ស៊ីរី
ក្នុងទីក្រុងដាម៉ាស កាលពីអាទិត្យសប្ដាហ៍មុនថា YPG ត្រូវរំលាយចោលទាំងស្រុង។
តួកគីចាត់ទុក YPG ជាដៃជើងរបស់គណបក្សពលករឃើដ PKK ដែលកំពុងធ្វើសកម្មភាពបះបោរប្រឆាំងតួកគី
ហើយត្រូវបានចាត់ទុកជាអង្គការភេរវកម្មដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

Post a Comment