មហាសន្និបាត UN ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា

 ប្រភព៖ Reuters

យូអិន៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតគាំទ្រក្នុងសំឡេងលើសលប់ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខណៈ និងជាអចិន្រ្តៃយ៍ សម្រាប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា រួមជាមួយការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ទាំងប៉ុន្មានភ្លាមៗ។

សេចក្តីសម្រេចទាមទារបទឈប់បាញ់ ដែលអនុម័តក្នុងសំឡេងគាំទ្រ រហូតដល់១៥៨សំឡេង ក្នុងចំណោមរដ្ឋជាសមាជិកសរុប១៩៣ គឺលើកនេះត្រូវបានបង្ហាញចេញ ក្នុងភាសាដែលមានលក្ខណៈកាន់តែបន្ទាន់ជាងមុនថែមទៀត បើប្រៀបធៀបទៅនឹងការទទូចឱ្យមានការផ្អាកប្រយុទ្ធគ្នាជាបន្ទាន់ ដើម្បីបុព្វហេតុមនុស្សធម៌ នៅហ្កាហ្សា ដែលមហាសន្និបាត UN បានអំពាវនាវ កាលពីខែតុលា ឆ្នាំ២០២៣ ហើយក្រោយមក បានទាមទារ នៅខែធ្នូ ឆ្នាំដដែល។

សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមានលក្ខណៈបង្ខំឱ្យត្រូវអនុវត្តតាមនោះឡើយ ប៉ុន្តែវាមានទម្ងន់ផ្នែក​នយោបាយ ដោយសារឆ្លុះបញ្ចាំងពីទស្សនៈជាសកល ជុំវិញវិបត្តិសង្រ្គាមហ្កាហ្សា។ សហរដ្ឋអាមេរិក អ៉ីស្រាអែល និងប្រទេស ៧ផ្សេងទៀត បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចទាមទារបទឈប់បាញ់នោះ ខណៈប្រទេសចំនួន១៣ បានបោះឆ្នោតក្នុងសំឡេង​អនុបវាទ។

សូមជម្រាបថា សង្រ្គាមហ្កាហ្សាបានផ្ទុះឡើង ក្រោយក្រុមហាម៉ាស បានបញ្ជូនសមាជិករបស់ខ្លួន ឆ្មក់វាយលុកទ្រង់ទ្រាយធំលើ សហគមន៍អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់២៥០នាក់​ផ្សេងទៀត យកទៅហ្កាហ្សាធ្វើជាចំណាប់ខ្មាំង។ ជាការសងសឹក យោធាអ៉ីស្រាអែល បានធ្វើសង្រ្គាម ដែលបានសម្លាប់​មនុស្សសរុបយ៉ាងហោចជាង ៤៤ ៨០០នាក់ នៅទីនោះ៕



 

Powered by Blogger.