អ្នកតំណាងរាស្រ្តមណ្ឌលកំពត៖ ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ត្រូវប្រកាន់ភ្ជាប់ការបដិបត្តិធម៌វិន័យ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ
ខេត្តកំពត៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពត ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានធ្វើការថ្វាយបង្គំស្នើដល់ ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ សូមឱ្យប្រកាន់ភ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំសិក្សារៀនសូត្រ និងធ្វើខ្លួនឱ្យក្លាយជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ព្រះពុទ្ធសាសនា ឱ្យបានគង់វង្សស្ថិតស្ថេរចីរកាល។
ការថ្វាយបង្គំស្នើឯកឧត្តមបណ្ឌិត បែបនេះធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភានីតិកាលទី៧។
ពិធីនេះរៀបចំនាសាលសន្និសីទ បូកគោ សាលាខេត្តកំពត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា ព្រះជលធីវាសីព្រះមេគណខេត្ត ព្រះគម្ពោតនិរោធសមាបត្តិមុនី ច័ន្ទ សុវណ្ណ ព្រះមហាសមុទ្ទមុនី ព្រះមេគណខេត្ត នៃគណៈធម្មយុត្តិកនិកាយ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តសរុប ៧៥៦អង្គ/នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពតបានគូសបញ្ជាក់ថា ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ត្រូវមានស្មារតីប្រកាន់ភ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រ និងធ្វើខ្លួនឱ្យក្លាយជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ព្រមទាំងចូលរួមថែរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សស្ថិតស្ថេរចីរកាល។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានសូមថ្វាយបង្គំស្នើដល់ព្រះមេគណខេត្តកំពតទាំង ២គណៈ សូមធ្វើការណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ឱ្យពង្រឹងនូវធម៌វិន័យដល់ភិក្ខុសាមណេរ សមទៅនិងអភិក្រមទាំង៥ របស់ព្រះពុទ្ធសាសនារួមមាន៖ ១.បព្វជ្ជា (ការបួស) ២.បរិយត្តិ (ការសិក្សា) ៣.បដិបត្តិ (ការប្រតិបត្តិ) ៤.បដិវេធៈ (លទ្ធផល) និង៥.បព្វាជនីយកម្ម (ការដាក់ទោស ឬបញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ សម្រាប់វត្តអារាមរបស់ក្រសួងធម្មការ និងសាសនាគឺ៖ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជាខេត្តដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងសាសនា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការដឹងគុណ និងថ្លែងអំណរព្រះគុណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានចូលរួមជួយគាំទ្រទាំងស្មារតី និងសម្ភារៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន មានដូចជាៈ ការងារមនុស្សធម៌ ដោយធ្វើតាមរយៈកាកបាទក្រហមផង ការចុះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពដោយផ្ទាល់ជាមួយអាជ្ញាធរដែនដីផង ព្រមទាំងការសំដែងព្រះធម៍អប់រំដល់ប្រជាពុទ្ឋបរិស័ទ ឱ្យធ្វើតែអំពើល្អ សុចរិត បានយល់ដឹងអំពីតម្លៃនៃ គុណ ទោស បុណ្យ បាប ជាពិសេសការដឹង នូវគុណូបការៈចំពោះអ្នកដែលបានបូជាគ្រប់យ៉ាងក្នុងការរំដោះប្រជាពលរដ្ឋនៅទូទាំងប្រទេស បានរួចផុត អំពីរបបប្រល័យពូជសាសន៍ជាដើម។
លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានឱ្យថានៅក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតមានវត្តចំនួន ២៧៤វត្ត ក្នុងនោះ វត្តគណៈមហានិកាយចំនួន ២៤៧វត្ត គណៈធម្មយុត្តិកនិកាយចំនួន ២៧វត្ត មានព្រះសង្ឃសរុបចំនួន ២ ៦៣៧អង្គ ក្នុងនោះគណៈមហានិកាយចំនួន ២ ៤៤៦អង្គ និងគណៈធម្មយុត្តចំនួន ១៩១អង្អ៕













Post a Comment