ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់​ឱ្យ​ដំណើរការ​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល​ពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យក​អាទិ​ភាព​គន្លឹះ ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេក​វិទ្យា​ឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្ត​កម្ម​ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវ​ការ​ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោ​បាយ​ដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងស្មារតីនេះ កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែង​លើទីផ្សារ ជាពិ​សេស​លើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាស​ឈានឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស​ដែល​មាន​​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែល​មាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០៕



 

Powered by Blogger.