ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨
គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា
ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព
និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ «មនុស្ស
ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤
និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា
ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ
និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងស្មារតីនេះ កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាសឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Post a Comment