អ៊ីតាលី នឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន រហូតដល់ចុងឆ្នាំ២០២៥
ប្រភព៖ Reuters
រ៉ូម៖ គណៈរដ្ឋមន្ត្រីរបស់អ៊ីតាលី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បានអនុម័តក្រឹត្យច្បាប់មួយដែលអនុញ្ញាតឱ្យខ្លួនបន្តផ្ដល់ការគាំទ្រទាំងមធ្យោបាយ សម្ភារៈ និងបរិក្ខារ ដើម្បីជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី រហូតដល់ចុងឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia
Meloni គឺជាអ្នកគាំទ្រមួយរូបរបស់ទីក្រុងកៀវ ចាប់តាំងពីលោកស្រី
ឡើងកាន់តំណែងនៅចុងឆ្នាំ២០២២មក
ហើយបានសន្យាថានឹងគាំទ្រអ៊ុយក្រែនរហូតដល់សង្រ្គាមបិទបញ្ចប់
នៅចំពោះមុខភាពមិនច្បាស់លាស់នៃអនាគតនយោបាយរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក
ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ខែមករា ឆ្នាំ២០២៥។
ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ
ឆ្នាំ២០២២មក អ៊ីតាលីបានអនុម័តកញ្ចប់ថវិកាយោធាចំនួន១០ សម្រាប់អ៊ុយក្រែន
ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស ផលិតរួមគ្នាដោយបារាំង និងអ៉ីតាលី
ឬគេស្គាល់ថា SAMP/T ចំនួន២គ្រឿង។
ដោយឡែក កាលពីថ្ងៃអង្គារសប្ដាហ៍មុន ប្រមុខ NATO
លោក Mark Rutte ក៏បានជំរុញផងដែរឱ្យបណ្ដារដ្ឋជាសមាជិកទាំងអស់បង្កើនការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន
ដើម្បីពង្រឹង គោលជំហររបស់ទីក្រុងកៀវ មុននឹងមានកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី៕

Post a Comment