ឯកឧត្តម នេត្រ ភក្ត្រា៖ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន (វ.ន.ស.ក) លើកទី២១ ដែលរៀបចំឡើងដោយ ក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក) នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ មានទីតាំងស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានអ្នកសារព័ត៌មានចំនួន ១៥២នាក់ មកពី ១០២ ស្ថាប័ន្តចូលរួមក្នុងពិធីនេះ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានគូសបញ្ជាក់ថា ដោយកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួន មិនទាន់អនុវត្តបានត្រឹមត្រូវរវាងវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ ដែលនាំឱ្យងាយប្រឈមផ្លូវច្បាប់ និងប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា ទើបវេទិកានិពន្ធនាយកសារព័ត៌មាន (វ.ន.ស.ក) លើកទី២១ លើកយកប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» មកជជែកពិភាក្សា ដើម្បីស្វែងរកវិធី ឬបង្កើតយន្តការសមស្របមួយ សំដៅលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ បង្កើនទំនុកចិត្តពីសាធារណជន និងជៀសវាងការប្រឈមផ្លូវច្បាប់។
សូមជម្រាបថា នេះជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលតែងតែរៀបចំធ្វើឡើងជារៀងរាល់មួយឆ្នាំម្តង និងបានលើកយកនូវប្រធានបទផ្សេងៗពីគ្នា ដើម្បីផ្តល់ឪកាសដល់ នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត វិទ្យុ ទូរទស្សន៍ រួមទាំងសារព័ត៌មានអនឡាញ បានជួបពិភាក្សាគ្នាពាក់ព័ន្ធវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីវេទិកានិពន្ធនាយកសារព័ត៌មាននេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាការផ្សព្វផ្សាយព័ត៌មាន មានភាពទូលំទូលាយ ប្រែក្លាយការពីមើលតាមទូរទស្សន៍ មកតាមរយៈទូរស័ព្ទដៃដែលគិតដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយទំនើបមាន ១៦២០អង្គភាព ៨៦០អង្គភាពជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមានអ្នកសារព័ត៌មានជាង ១ម៉ឺននាក់។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពបន្ថែមលើវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ ដោយសារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ការរក្សាបានសន្តិសុខព័ត៌មាន នឹងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពិត៕











Post a Comment