ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ទៅដល់ទីក្រុងដាម៉ាស ដើម្បីជួបអ្នកដឹកនាំថ្មីនៃប្រទេសស៊ីរី
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ក្រុមមន្រ្តីការទូតជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន នាថ្ងៃសុក្រនេះ កំពុងតែស្ថិតនៅទីក្រុងដាម៉ាស ដើម្បីជួបជាមួយអាជ្ញាធរថ្មីនៃប្រទេសស៊ីរី ដែលដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) ក្នុងជំនួបផ្លូវការលើកដំបូង រវាងភាគីទាំងពីរ។
ក្រុមឧទ្ទាមស៊ីរី ដឹកនាំដោយ HTS
បានដណ្តើមគ្រប់គ្រងទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ
ជាហេតុបង្ខំឱ្យលោក Assad រត់ភៀសខ្លួនចេញពីប្រទេស
ក្រោយសង្រ្គាមស៊ីវិល អូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ។
អាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៉ីរី និងបិទស្ថានទូតរបស់ខ្លួន
នៅទីក្រុងដាម៉ាស កាលពីឆ្នាំ២០១២។
ដំណើរទស្សនកិច្ចខាងលើនេះ
គឺចំពេលដែលរដ្ឋាភិបាលនៃក្រុមប្រទេសលោកខាងលិច កំពុងបើកច្រកទាក់ទងដោយសន្សឹមៗជាមួយ HTS
និងមេដឹកនាំក្រុមនេះ គឺលោក Ahmed al-Sharaa ហើយចាប់ផ្តើមពិចារណា
ថាតើគួរលុបចោលវិញ នូវការចាត់ថ្នាក់ក្រុមនេះ ជាអង្គការភេរវករ ដែរឬយ៉ាងណា។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខាងប្រទេសបារាំង និងចក្រភពអង់គ្លេស
ក៏បានចាប់ផ្តើមបង្កើតការទាក់ទងជំហានដំបូង ជាមួយក្រុម HTS ផងដែរ។
ក្រុមមន្រ្តីខាងលើ
រួមមានមន្រ្តីការទូតកំពូលទទួលបន្ទុកមជ្ឈិមបូព៌ា នៃក្រសួងការបរទេសអាមេរិក គឺលោកស្រី
Barabra
Leaf, បេសកជនប្រធានាធិបតី ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង លោក Roger
Carstens និងទីប្រឹក្សាជាន់ខ្ពស់ទើបតែងតាំង គឺលោក Daniels
Rubinstein ដែលឥឡូវទទួលបន្ទុកដឹកនាំការធ្វើប្រាស្រ័យទងជាមួយស៊ីរី
របស់ក្រសួងការបរទេសអាមេរិក។ ពួកគេគឺជាមន្រ្តីការទូតអាមេរិកដំបូងបង្អស់
ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីដាម៉ាស ចាប់តាំងពីក្រុមឧទ្ទាម
បានផ្តួលរំលំរបបប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕

Post a Comment