រុស្ស៊ី និងអ៊ីរ៉ង់ ត្រៀមចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
មូស្គូ៖ គណៈប្រតិភូរុស្ស៊ីមួយក្រុមដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Alexei Overchuk បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសទាំងពីរកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា
គណៈប្រតិភូរុស្ស៊ីបានអញ្ជើញ លោក Pezeshkian ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅដើមឆ្នាំ
២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថា
កិច្ចព្រមព្រៀងនេះគ្រោងនឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចទ្វេភាគី
ក្នុងខែមករា។
ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើម
រុស្ស៊ីបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់
និងប្រទេសផ្សេងទៀតដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei
Lavrov បានថ្លែងកាលពីខែតុលាថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់
មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។
សូមជម្រាបថា កាលពីខែកញ្ញា
សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា
បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយជិតទៅឱ្យរុស្ស៊ី
សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ហើយបានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការផ្តល់អាវុធរបស់អ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ទាំងនេះ៕

Post a Comment