សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បញ្ចប់ដំណើរទស្សនកិច្ចនៅកាតា បន្តដំណើរទៅប្រទេសតួកគី
ដូហា, កាតា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកាតាហើយ។ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូធ្វើដំណើរចេញពីប្រទេសកាតា ហើយបន្តដំណើរឆ្ពោះទៅកាន់ប្រទេសតួកគី ដើម្បីបំពេញទស្សនកិច្ចនៅទីនោះបន្តទៀត។
ដំណើរចាកចេញពីប្រទេសកាតា
នៅឯអាកាសយានដ្ឋានអន្តរជាតិដូហា សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់
ទទួលបានការជូនដំណើរពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា
និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ សម្តេចតេជោ និងគណៈប្រតិភូ
នឹងចំណាយពេលធ្វើដំណើរប្រមាណជា៥ម៉ោង ទើបដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី។
នៅសាធារណរដ្ឋតួកគី
សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោកសាស្ត្រាចារ្យបណ្ឌិត
នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា
ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ
សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត
រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយេផងដែរ។
សូមបញ្ជាក់ថា
នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន
ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤
ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា
ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគី
និងប្រទេសអេមីរ៉ាត់អារ៉ាបរួម។
សម្តេចតេជោ
និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ
ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា
ប្រទេសតួកគី និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕




Post a Comment