ជនណាដាក់អន្ទាក់យកសត្វព្រៃ កាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់!

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍  ក៏ដូចជាកាប់បំផ្លាញព្រៃឈើ ដាក់អន្ទាក់យកសត្វព្រៃជាដើមនោះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង ពីរដ្ឋបាលព្រៃឈើនិងសហគមន៍ រួមទាំងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងការការពារព្រៃឈើ និងជីវចម្រុះដើម្បីបង្កើនឥណទានកាបូនព្រៃឈើក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ធ្នូនេះថា៖គម្រោងរេដបូកមេគង្គ ជំហានទី១ បានចុះផ្សព្វផ្សាយអំពីគម្រោងរេដបូកមេគង្គជំហាន១ មានគោលបំណង លើកកម្ពស់ចំណេះដឹងដល់សហគមន៍មូលដ្ឋានអំពីសារសំខាន់របស់គម្រោងរេដបូក ផែនការយុទ្ធសាស្រ្ត និងជំរុញឱ្យសហគមន៍ចូលរួមការពារព្រៃឈើ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ ។

លោកបន្តថា៖ក្នុងសកម្មភាពនាៗកម្លាំងសហការបានចុះល្បាត តាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនៅសកម្មភាព ដូចជាការកាប់ព្រៃឈើ ការដាក់អន្ទាក់យកសត្វព្រៃ ការកាប់រុករានកន្ទ្រានផ្ទៃដីសហគមន៍ធ្វើជាកម្មសិទ្ធិ ក្នុងនោះមន្ត្រីរបស់យើងក៏បានដកហូតវត្ថុតាងនាំទៅរក្សាទុក កំណត់អត្តសញ្ញាណជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធី ។

ដោយឡែកចំពោះប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍ នឹងត្រូវឱ្យបញ្ឈប់ ហើយប្រគល់ដីជូនសហគមន៍វិញផងដែរ។ ជាលទ្ធផលអ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍ក៏បានយល់ព្រមប្រគល់ដីអាស្រ័យផលទាំងនោះប្រគល់ជូនសហគមន៍វិញដោយស្ម័គ្រចិត្តផងដែរ ។ ទន្ទឹមនេះគណៈកម្មការសហគមន៍ព្រៃឈើ ក៏បានប្រជុំផ្សព្វផ្សាយនិងចុះដាក់ស្លាកអំពីទោសទណ្ឌនៃការកាប់រាន ឈូសឆាយព្រៃ យកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍ ។

លោកថា កន្លងមកក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងយើង ក៏បានចូលរួមប្រជុំជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ស្តីពីការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ហើយអង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការ ទប់ស្កាត់និងបង្រ្កាបបទល្មើសកាប់រានដីព្រៃ បទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ និងតាមដានត្រួតពិនិត្យសិប្បកម្មមានច្បាប់ និងបង្រ្កាបសិប្បកម្មដែលគ្មានច្បាប់នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងផងដែរ ៕










Powered by Blogger.