សេតវិមាន៖ កងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី

 ប្រភព៖ Reuters

ញូវយ៉ក មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS

អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jon Finer នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទ Reuters NEXT ក្នុងទីក្រុងញូវយ៉ក បានគូសបញ្ជាក់ទៀតថាកងទ័ពអាមេរិក កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដោយមានហេតុផលច្បាស់លាស់ និងសំខាន់បំផុត នោះគឺតាមកម្ទេចពួក​ ISIS។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើកងទ័ពអាមេរិកនឹងបន្តឈរជើង នៅស៊ីរីឬទេ? អ្នកនាំពាក្យរូបនេះបានឆ្លើយថា ពិតណាស់ កងទ័ពអាមេរិកនឹងបន្តឈរជើងនៅស៊ីរី។

សូមជម្រាបថា ពួក ISIS កាលពីឆ្នាំ២០១៤ បានគ្រប់គ្រងទឹកដីមួយផ្នែកធំនៅស៊ីរី និងអ៉ីរ៉ាក់ តែត្រូវបានកម្ចាត់ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩។ កងទ័ពអាមេរិក ប្រហែល៩០០នាក់ត្រូវបានរាយការណ៍ថាកំពុងឈរជើងនៅស៊ីរី៕





 

Powered by Blogger.