ក្បាលដីជាង១ពាន់បណ្ណត្រូវបានមន្ត្រីជំនាញបន្តចែកជូនពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី ដើម្បីយកទៅប្រើប្រាស់ស្របតាមច្បាប់

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចនលវត្ថុ ក្រោយមន្ត្រីជំនាញ ដំណើរការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ស្ថិតនៅភូមិពូហ៊ួង និងភូមិពូទុង ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ដោយមានការអញ្ជើញចូលរួមពីលោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី  ព្រមទាំងលោកអភិបាលរងស្រុកកែវសីមា កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងប្រពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅវត្តនវគិរីសុវណ្ណារាម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះ ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ លោក បន្ថែមថា ការចែកបណ្ណកម្មសិទ្ធិនេះ ជាលើកទី៣៨ហើយ សម្រាប់នៅក្នុងខេត្តមណ្ឌលគិរី គឺដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋទូទៅ ដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ហើយនេះជាការបង្កលក្ខណៈសម្បត្តិ ដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការធ្វើអាជីវកម្ម កសិកម្ម លើដីធ្លីជាកម្មសិទ្ធិ ស្របច្បាប់របស់ខ្លួនឱ្យអស់សក្តានុពល ដោយពុំមានភ័យខ្លាចអ្វីទៀតឡើយ។

ជាមួយគ្នានេះ លោក សាន់ ដារិទ្ធិ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សូមរក្សាទុកឱ្យបានត្រឹមត្រូវ ព្រោះបណ្ណនេះ មានតម្លៃណាស់សម្រាប់សំគាល់ដីស្របច្បាប់របស់បងប្អូន គ្មានអ្នកណាមករំលោភបំពានបានឡើយ។

តាមរបាយការណ៍របស់លោក​ លី សុវណ្ណូ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅភូមិពូហ៊ួង​ មានចំនួន ៩៨០ បណ្ណ ស្មើនឹងចំនួន ៥០៦គ្រួសារ លើកផ្ទៃដីទំហំ ៧៩៦,៧៦០៣ ហិកតា និងភូមិពូទុង មានចំនួន ៧០បណ្ណ ស្មើនឹងចំនួន ៥៦គ្រួសារ លើផ្ទៃដីទំហំ ៧៥,៨៦៧០ ហិកតា។ លោក បន្ថែមថា សម្រាប់បងប្អូនប្រជាពលដ្ឋ ជាម្ចាស់ដីត្រូវតែមានកាតព្វកិច្ចបង់សេវាចុះបញ្ជីដី ក្នុងមួយម៉ែត្រការ៉េ ១០រៀល សម្រាប់ដីលំនៅឋាន និង ១រៀល សម្រាប់ដីកសិកម្ម តាមការកំណត់ដោយច្បាប់ ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ចាប់ពីថ្ងៃធ្វើពីធីនេះតទៅ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕











Powered by Blogger.