សហរដ្ឋអាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយអាវុធថ្មីទំហំ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ជំនួយជាអាវុធមានទំហំទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន។
រដ្ឋបាលលោក បៃដិន បច្ចុប្បន្ន
កំពុងពន្លឿនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន នៅមុនអាណត្តិរបស់លោកត្រូវបញ្ចប់នៅខែមករា
ឆ្នាំ២០២៥ ជាពេលដែលលោកប្រធានាធិបតី ជាប់ឆ្នោត លោក ដូណាល់ ត្រាំ
ស្បថចូលកាន់តំណែងជាផ្លូវការ។
ការប្រកាសរបស់លោក Antony
Blinken ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានលោក John
Kirby បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែន
រហូតដល់ចប់ អាណត្តិនៃរដ្ឋបាលរបស់លោក បៃដិន។ ទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ
ក៏បានឱ្យដឹងថាខ្លួននឹងបញ្ជូនមីស៊ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស
និងអាវុធមួយចំនួនទៀត គិតជា ទឹកប្រាក់ ៧២៥លានដុល្លារ ទៅឱ្យអ៊ុយក្រែន។
បើតាមលោក Blinken ក្នុងកញ្ចប់ជំនួយដែលសហរដ្ឋអាមេរិកប្រកាសបញ្ជូនទៅឱ្យអ៊ុយក្រែន
នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS
និងមីស៊ីល HARM ព្រមទាំងអាវុធមួយចំនួនទៀត៕

Post a Comment