អគ្គស្នងការរងនគរបាលជាតិ ជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តពង្រឹងលើការងាររក្សាសន្តិសុខ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព

អត្ថបទ៖ ម៉ាវិន

ខេត្តព្រះវិហារ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តពង្រឹងលើការងារសន្តិសុខ បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសង ការងារសណ្តាប់ធ្នាប់ ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបានកាន់តែល្អប្រសើរថែមទៀត ។

ថ្លែងបន្តនៅក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្រេចបានគួរជាទីមោទនៈនិងបានឆ្លើយតបទៅនឹងសភាពការណ៍ដែលបានកើតឡើងនាពេលកន្លងមក បានយ៉ាងល្អប្រសើរ និងទាន់ពេលវេលា ។

ក្នុងឱការនោះ នាយឧត្តមសេនីយ៍ក៏បានប្រគល់លិខិតសរសើរ និងថវិកាជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ព្រមទាំងប្រគល់ម៉ូតូចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លាំថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ១០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផងដែរ៕















Powered by Blogger.