រុស្ស៊ី បោះជំហានឆ្ពោះទៅរកការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន

 ប្រភព៖ Reuters

មូស្គូ៖ រុស្ស៊ី នៅថ្ងៃអង្គារនេះបានឈានមួ​យជំហានទៀត ឆ្ពោះទៅរកការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសភារុស្ស៊ី បានអនុម័តច្បាប់មួយ ដែលអាចនឹងធ្វើឱ្យរដ្ឋាភិបាលអាចដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ។

រុស្ស៊ីធ្លាប់មានបទពិសោធន៍ជូរចត់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីសម័យសង្រ្គាមត្រជាក់ កងទ័ពសូវៀត បានចូលលុកលុយអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៧៩ ដើម្បីគាំទ្ររដ្ឋាភិបាលកុម្មុយនិស្ត។ ប៉ុន្តែ កងទ័ពសូវៀតបានជាប់គាំង ក្នុងសង្រ្គាមអូសបន្លាយជាមួយក្រុមឧទ្ទាម Mujahideen ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។សង្គ្រាមនេះ បានបណ្តាលឱ្យមានការស្លាប់ និងរបួស យ៉ាងច្រើន និងបានបញ្ចប់ ដោយការដកទ័ពសូវៀត ចេញពីអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៨៩។

បច្ចុប្បន្ន មិនទាន់មានប្រទេសណាមួយ ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាច កាលពីឆ្នាំ២០២១ នៅឡើយទេ។ ប៉ុន្តែ រុស្ស៊ី បាននិងកំពុងពង្រឹងទំនាក់ទំនង ជាមួយក្រុមតាលីបង់ ដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានហៅថា ជា «សម្ព័ន្ធមិត្ត» ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ទីក្រុងមូស្គូមើលឃើញការគំរាមកំហែងផ្នែកសន្តិសុខ ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានមូលដ្ឋាននៅក្នុងបណ្តាប្រទេសជាច្រើន ចាប់ពីអាហ្វហ្គានីស្ថានរហូតដល់មជ្ឈិមបូព៌ា ជាកន្លែងដែលរុស្ស៊ីបានបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយក្នុងសប្តាហ៍នេះ ជាមួយនឹងការផ្តួលរំលំប្រធានាធិបតីស៊ីរី Bashar al-Assad

ទោះជាយ៉ាងណា លោកខាងលិច បានរិះគន់រុស្ស៊ី ចំពោះការពង្រឹងទំនាក់ទំនង ជាមួយក្រុមតាលីបង់ ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិស្ត្រី៕



 

Powered by Blogger.