ត្រាំ គំរាមថាសហរដ្ឋអាមេរិក អាចនឹងទាមទារគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា ឡើងវិញ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានរិះគន់នូវអ្វីដែលលោកហៅថាជាការយកកម្រៃជ្រុលហួសហេតុពីកប៉ាល់អាមេរិក ដែលធ្វើដំណើរកាត់តាមព្រែកជីកប៉ាណាម៉ា (Panama) ហើយថែមទាំងគំរាមទៀតថាទីក្រុងវ៉ាស៊ីនតោនអាចនឹងទាមទារគ្រប់គ្រងឡើងវិញលើព្រែកជីកនេះ។
ព្រែកជីកប៉ាណាម៉ា
ដែលត្រូវបានបញ្ចប់ការសាងសង់ដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩១៤
ត្រូវបានប្រគល់ទៅឱ្យប៉ាណាម៉ាគ្រប់គ្រងនៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៧៧ ដែលត្រូវបាន
ចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter។
ប៉ាណាម៉ាបានគ្រប់គ្រងលើព្រែកជីកនេះទាំងស្រុងក្នុងឆ្នាំ១៩៩៩។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ
ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social។ លោក ត្រាំ បានរៀបរាប់ដូច្នេះថា «កងនាវា
និងកប៉ាល់ពាណិជ្ជកម្មរបស់យើង ត្រូវបានទារកម្រៃដ៏អយុត្តិធម៌ និងជ្រុលហួសហេតុ»។ លោកបន្ថែមថាកម្រៃដែលប៉ាណាម៉ាបានយកពីកប៉ាល់អាមេរិកគឺជារឿងគួរឱ្យអស់សំណើច
ដូច្នេះប្រសិនបើប៉ាណាម៉ានៅតែបន្តធ្វើដូច្នេះ នោះ
លោកនឹងទាមទារឱ្យព្រែកជីកប៉ាណាម៉ាត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ។
លោក ត្រាំ
ក៏បានលើកឡើងផងដែរពីការកើនឡើងឥទ្ធិពលចិន នៅជុំវិញតំបន់ព្រែកជីប៉ាណាម៉ា
ជាមួយការបង្ហាញការព្រួយបារម្ភពីផលប្រយោជន៍អាមេរិក
ខណៈក្រុមហ៊ុនអាមេរិកកំពុងពឹងផ្អែកលើព្រែកជីកមួយនេះដើម្បីដឹកទំនិញឆ្លងកាត់រវាងមហាសមុទ្រអាត្លង់ទិក
និងប៉ាស៊ីហ្វិក៕

Post a Comment