Akira ជាខ្សែភាពយន្តដែលផ្លាស់ប្តូរផ្នត់គំនិតទាក់ទងទៅនឹងគំនូរជីវចល
ភ្នំពេញ៖ Akira ជាខ្សែភាពយន្តដែលរុញច្រាននូវផ្នត់គំនិតរបស់បុគ្គលជាច្រើនដែលគិតថាគំនូរជីវចលគឺត្រូវបានបង្កើតឡើងដើម្បីជា ការកម្សាន្តរបស់កុមារ។ ភាពយន្តនេះត្រូវបានដឹកនាំដោយលោក Katsuhiro Otomo និងចាក់បញ្ចាំងក្នុងឆ្នាំ ១៩៨៨ ហើយត្រូវបានទស្សនិកជនជុំវិញពិភពលោកកោតសរសើរពីលក្ខណៈភ័យរន្ធត់ និងសាហាវឃោរឃៅដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យភាពយន្តគំនូវជីវចល។ Akira ត្រូវបានដកស្រង់ចេញមកពី Manga របស់លោក Katsuhiro Otomo និងជាភាពយន្តប្រទេសជប៉ុនដែលដើរតួរយ៉ាងសំខាន់ក្នុងការណែនាំគំនូជីវចលប្រភេទ Anime ទៅកាន់ពិភពលោកទាំងមូល។
Akira បានបង្ហាញពិភពលោកពីសាច់រឿងទីក្រុងតូក្យូបែប Dystopian ក៏ដូចជាសិក្សាអត្ថាធិប្បាយយ៉ាងស៊ីជម្រៅអំពី គំនិតអប់រំដូចជា អំណាច អំពើពុករលួយ និងស្ថានភាពរបស់មនុស្ស។ ភាពយន្តគំនូរជីវចលនេះ ក៏ផ្តោតសំខាន់ទៅលើ អត្ថន័យមិត្តភាព ថាមពល និងហានិភ័យនៃកំហឹងមហិច្ឆតា។
សាច់រឿង Akira ផ្តោតលើកក្មេងប្រុសពីរនាក់ឈ្មោះ Kaneda និង Tetsuo ដែលពួកគេជាមិត្តភក្តិស្ថិតនៅទី ក្រុងតូក្យូថ្មីឈ្មោះ នីអូតូក្យូ (Neo-Tokyo) ដែលពោរពេញទៅដោយ ភាពចលាចល។ ថ្ងៃមួយ Tetsuo ដែលជាក្មេងចូលចិត្តប្រណាំងម៉ូតូត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យគេទទួលបាន ថាមពល Psychic ពិសេស។ នៅពេលដែលថាមពលរបស់ Tetsuo បានចាប់ផ្តើមបង្ករគ្រោះថ្នាក់ដល់ អ្នកដ៏ទៃ Kaneda ត្រូវជួយមិត្តភក្តិរបស់គេ ដើម្បីបញ្ឈប់គ្រោះមហន្តរាយឈ្មោះ Akira។
លក្ខណៈពិសេសដ៏ទាក់ទាញនៃភាពយន្ត Akira គឺបច្ចេកទេសនៃការគូរ។ វិចិត្រករក្នុងភាពយន្តនេះបានយកចិត្តទុក ដាក់ជាខ្លាំងទៅលើភាពលម្អិត ចលនាតួអង្គ និងការប្រើប្រាស់រំលិចពណ៌ដ៏រស់រវើក។ ស្នាដៃទាំងអស់នេះបានបង្កើតស្តង់ ដារថ្មីសម្រាប់ការផលិតភាពយន្តគំនូរជីវចលដោយភាពយន្តនេះអាចរចនាតួអង្គដែលមានភាពលេចធ្លោ រួមបញ្ចូលរវាងភាព អនាគតកាល និងសម័យបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ការរចនាសំឡេង និងភ្លេងក៏បានជួយបង្កើនមនោសញ្ចេតនានៃ ឈុតនីមួយៗ កាន់តែផ្តល់បទពិសោធន៍ពិសេសសម្រាប់ទស្សនិកជន។
Akira ជាខ្សែភាពយន្តដែលបានជះឥទ្ធិពលខ្លាំងលើសពីការរំពឹងទុក។ សាច់រឿង Akira ត្រូវបានសិល្បករ និងអ្នកផលិតខ្សែភាពយន្ត ជុំវិញពិភពលោកកោតសរសើរ និងចាត់ទុកជាភាពយន្តដ៏ល្បីល្បាញដែលបានជះឥទ្ធិពលទៅលើ ការផលិតភាពយន្តគំនូរជីវចល Anime។ តាមរយៈគំនូរដ៏ឆ្នៃប្រឌិត និងសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ ភាពយន្តនេះមិនត្រឹម តែជាទស្សនីយភាពដ៏គួរឲ្យតាមដាន ថែមទាំងបំផុសគំនិតអ្នកទស្សនាឲ្យមានការពិភាក្សា និងខ្វល់ខ្វាយអំពីអ្វីដែលពួកគេបាន ឃើញ។ កត្តាទាំងអស់នេះដែលធ្វើឲ្យភាពយន្ត Akira មានការទទួលស្គាល់ពីសំណាក់អ្នកទស្សនាគ្រប់ប្រទេស និងបាន តំណែងជាគំនូរជីវចលដែលពោរពេញទៅដោយការជះឥទ្ធិពល។
ដូចច្នេះ ពេលវេលាបានមកដល់ហើយសម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត។ ខ្សែភាពយន្ត Akira នឹងមានចាក់បញ្ចាំង នៅមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤។ នេះជាឱកាសដ៏កម្រ សម្រាប់អ្នកទស្សនាភាពយន្តថ្មីៗដើម្បីស្វែងយល់ពីភាពអច្ឆរិយ នៃមរតកភាពយន្តដ៏អស្ចារ្យមួយនេះ។
កុំភ្លេចចូលរួមកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ ដើម្បីទទួលបាននូវបទពិសោធន៍ និងទស្សនា ខ្សែភាពយន្តប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍ រួមមានខ្សែភាពយន្ត Godzilla Minus One ជាខ្សែភាពយន្តបើកកម្មវិធី ដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ នឹងប្រព្រឹត្តិឡើងជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤៕





Post a Comment