សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។

បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១.៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវ​ការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា៕



 

Powered by Blogger.