ពូទីន ថា រុស្ស៉ីនឹងបន្តធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មី Oreshnik ក្នុងសមរភូមិជាក់ស្តែង

 ប្រភព៖ Reuters

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹង​បន្តធ្វើតេស្តមីស៊ីលបាលិស្ទីគ មានល្បឿនលឿនជាងសំឡេង Oreshnik ដែលជាស៊េរីថ្មី នៅក្នុងសមរភូមិជាក់ស្តែង។

ការលើកឡើងបែបនេះរបស់ លោក ពូទីន មួយថ្ងៃបន្ទាប់ពីរុស្ស៉ីបានបាញ់ មីស៉ីលបាលិស្ទីគប្រភេទ IRBM នោះ វាយប្រហារលើអ៊ុយក្រែន ជាលើកដំបូងបំផុត ដោយលោកអះអាងថា វាគឺជាវិធានការឆ្លើយតប ក្រោយអ៊ុយក្រែនបានប្រើមីស៉ីលបាលិស្ទីគរបស់អាមេរិក និង​មីស៉ីលគ្រូសរបស់ចក្រភពអង់គ្លេស វាយប្រហារចូលក្នុងទឹកដីរុស្ស៉ី។

លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការប្រើប្រាស់ជាលើកដំបូងនៃមីស៊ីល Oreshnik នោះ គឺជាការធ្វើតេស្តជោគជ័យមួយ ហើយលោកបានប្តេជ្ញាថា ការបាញ់តេស្តបន្តបន្ទាប់ទៀត នឹងត្រូវធ្វើឡើង រួមមានទាំងនៅក្នុងសមរភូមិជាក់ស្តែង ដោយផ្អែកទៅលើ​ស្ថានការណ៍ នៃការគំរាមកំហែងសន្តិសុខចំពោះរុស្ស៉ី។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៉ីមានមីស៊ីលទាំងនេះ ក្នុងស្តុករួចស្រេច ដែលអាចប្រើប្រាស់បានភ្លាមៗ។

បើតាមការអះអាងរបស់អ៊ុយក្រែន មីស៊ីល Oreshnik ដែលរុស្ស៉ីបានបាញ់ បានធ្វើដំណើរដល់ល្បឿនរហូតដល់ជាង ១៣ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយហោះមកដល់គោលដៅ ដោយប្រើពេលប្រហែល១៥នាទី៕



 

 

Powered by Blogger.