ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងហាម៉ាស់
ប្រភព៖ Reuters
ឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃព្រហស្បតិ៍នេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ Yoav Gallant ព្រមទាំងមេបញ្ជាការយោធារបស់ក្រុមហាម៉ាស់ Mohammed Deif ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការចេញដីកាចាប់ខ្លួននេះ
ធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
លោក Karim Khan បានប្រកាសកាលពីខែឧសភាថា
លោកកំពុងស្វែងរកដីកាចាប់ខ្លួន សម្រាប់បុគ្គលមួយចំនួន
ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងនឹងការវាយប្រហារ
របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣
និងការឆ្លើយតបរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់
បានច្រានចោលការចោទប្រកាន់នេះ។ អ៊ីស្រាអែលក៏បានអះអាងថា លោក Mohammed
Deif ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅហ្គាហ្សាកាលពីខែកក្កដា
ប៉ុន្តែហាម៉ាស់មិនបានបញ្ជាក់ ឬបដិសេធព័ត៌មាននេះទេ។
ការសម្រេចចិត្តនេះ
ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ពួកគេចាត់ទុកថា
វាជាការអាម៉ាស់និងជាអំពើអយុត្តិធម៌។ ទោះជាយ៉ាងណា អង្គជំនុំជម្រះ ICC
បានបញ្ជាក់ថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់
ដើម្បីចោទប្រកាន់មេដឹកនាំទាំងនោះ ពីបទឧក្រិដ្ឋកម្មសង្រ្គាម
និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមានការសម្លាប់រង្គាល ឃាតកម្ម
ការចាប់ចំណាប់ខ្មាំង ការចាប់រំលោភ ការធ្វើទារុណកម្ម
ការវាយប្រហារដោយចេតនាលើជនស៊ីវិល
និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្រ្គាមជាដើម៕

Post a Comment