អ៊ីរ៉ង់ ព្រមានថានឹងសងសឹកយ៉ាងសាហាវ ហើយធ្វើឱ្យអ៊ីស្រាអែលស្ដាយក្រោយ

 ប្រភព៖​ AFP

តេហេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា បានព្រមានថាខ្លួននឹងធ្វើការសងសឹកយ៉ាងសាហាវ ហើយធ្វើឱ្យអ៊ីស្រាអែលស្ដាយក្រោយ ចំពោះការវាយប្រហារ តាមផ្លូវអាកាសលើមូលដ្ឋានយោធានៅលើទឹកដីអ៊ីរ៉ង់។

យោធាអ៊ីរ៉ង់ បានឱ្យដឹងថាការវាយប្រហាររបស់អ៊ីស្រាអែលបានបង្កការខូចដល់ប្រព័ន្ធរ៉ាដាមួយចំនួន និងសម្លាប់ទាហានអ៊ីរ៉ង់៤នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ រាយការណ៍ថាក៏មានជនស៊ីវិលស្លាប់ផងដែរ តែមិនបានបញ្ជាក់ពីចំនួននោះទេ។

យន្ដហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងយោធារបស់អ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ចាប់តាំងពីថ្ងៃទី២៦ ខែតុលាមក អ៊ីស្រាអែលបានព្រមានអ៊ីរ៉ង់ថាខ្លួនអាចនឹងសងសឹកធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើហ៊ានបាញ់តដៃ ខណៈតេហេរ៉ង់បាននិយាយថាខ្លួនមិនមានចេតនាធ្វើសង្រ្គាមនោះទេ ប៉ុន្តែបានសន្យាថានឹងសងសឹកអ៊ីស្រាអែលវិញ។

លោក Mohammad Mohammadi Golpayegani ជាជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលបាន គូសបញ្ជាក់ដូច្នេះថា «សកម្មភាពថ្មីៗនេះរបស់របប Zionist (អ៊ីស្រាអែល) នៅក្នុងការវាយប្រហារលើផ្នែកខ្លះនៃទឹកដីរបស់យើង គឺជាទង្វើយ៉ាងគឃ្លើន ហើយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងធ្វើការសងសឹកវិញយ៉ាងសាហាវ និងធ្វើឱ្យអ៊ីស្រាអែលស្ដាយក្រោយ»



 

Powered by Blogger.