ត្រឹម១សប្តាហ៍ សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន ៣នាក់

 ប្រភព៖ AFP

សិង្ហបុរី៖ ប្រទេសសិង្ហបុរី នៅថ្ងៃសុក្រនេះ បានព្យួរកបុរសអាយុ៥៥ឆ្នាំម្នាក់ ដែលមានទោសពីបទជួញដូរគ្រឿងញៀន ខណៈវាគឺជា​ការប្រហារជីវិតអ្នកទោសទី៣ ក្នុងរយៈពេលត្រឹម ១សប្តាហ៍ ស្របពេលដែលអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យបញ្ឈប់។

ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសិង្ហបុរី (CNB) បានប្រកាសឱ្យដឹងថា ការអនុវត្តទោសប្រហារជីវិតខាងលើ ត្រូវបានធ្វើឡើង​ចំពោះបុរសឈ្មោះ Rosman Abdullah ដែលមានទោសពីបទជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ក្នុងទម្ងន់៥៧.៤៣ក្រាម។ នៅក្រោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងរបស់បុរីរដ្ឋមួយនេះ អំពើជួញដូរគ្រឿងញៀន ក្នុងទម្ងន់លើសពី១៥ក្រាម នឹងត្រូវប្រឈមមុខ​ទោសប្រហារជីវិត។

ការព្យួរកអ្នកទោសខាងលើ បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រហារជីវិត បុរសពីរនាក់ផ្សេងទៀត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយម្នាក់ជា​ជនជាតិម៉ាឡេស៊ីអាយុ៣៩ឆ្នាំ និងម្នាក់ជាជនជាតិសិង្ហបុរីអាយុ ៥៣ឆ្នាំ ដែលមានទោសពីបទជួញដូរគ្រឿងញៀនដូចគ្នា។ ក្នុងឆ្នាំ២០២៤នេះ សិង្ហបុរីបានប្រហារជីវិតអ្នកទោសសរុប៨នាក់ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងម្នាក់ទៀត​ជាប់ពាក់ព័ន្ធបទល្មើសឃាតកម្ម។

សិង្ហបុរីបានព្យួរកអ្នកទោសសរុប២៤នាក់ ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមប្រហារជីវិត​អ្នកទោសឡើងវិញ នៅខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីថ្ងៃព្រហស្បតិ៍ UN ទើបតែបានចេញមុខអំពាវនាវសាជាថ្មី ឱ្យសិង្ហបុរីពិនិត្យឡើងវិញ លើគោលជំហររបស់ខ្លួន ពាក់ព័ន្ធទោសប្រហារជីវិត។

UN និងក្រុមសិទ្ធិមនុស្ស អះអាងថា ទោសប្រហារជីវិត មិនមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម នោះឡើយ និងបានស្នើឱ្យលុបបំបាត់ចោល ប៉ុន្តែខាងក្រុមមន្រ្តីសិង្ហបុរី បានប្រកែកថា វាបានជួយធ្វើឱ្យប្រទេសអាស៊ានមួយនេះ ក្លាយជាកន្លែង​ដ៏មានសុវត្ថិភាពបំផុតមួយ នៅតំបន់អាស៊ី៕






 

Powered by Blogger.