រត់ដើម្បីក្មេងស្រី និងដើម្បីអ្នកទាំងអស់គ្នារួមចំណែក ក្នុងការជំរុញការប្តេជ្ញាចិត្តជាសកល ក្នុងការបញ្ឈប់ការរើសអើង!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងសហការជាមួយក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បង្កើតព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៤ ក្រោមប្រធានបទ «ការបង្កើនភាពអង់អាចរបស់ក្មេងស្រីដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ អង្គការដៃគូអភិវឌ្ឍន៍ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត និងអ្នកគាំទ្រវិស័យកីឡាជាច្រើននាក់ផងដែរ ។
លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារី បានឱ្យដឹងថាៈនេះជាយុទ្ធនាការដើម្បីអបអរសាទរទិវាអនុ្តរជាតិក្មេងស្រី ហើយព្រឹត្តិការណ៍នេះ មានសារៈសំខាន់ណាស់ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជន អំពីគុណតម្លៃនៃការទទួលបាននូវសមភាពរវាងក្មេងស្រី និងក្មេងប្រុស ក៏ដូចជាសម្រាប់ការចូលរួមគ្រប់វិស័យ និងផ្តល់ឱកាសដល់យុវជន ក្នុងការដឹកនាំផ្តួចផ្តើមគំនិតថ្មីៗ ក្នុងការលើកកម្ពស់ភាពអង់អាចដល់ក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ ។
លោកស្រីបន្តថាៈកម្មវិធីនេះផ្តោតលើគុណតម្លៃនៃការយកចិត្តទុកដាក់ការលើកកម្ពស់សមភាពក្នុងការចូលរួមរបស់ក្មេងស្រី នៅក្នុងកិច្ចការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល និងការផ្តល់ភាពអង់អាចដល់ក្មេងស្រី ដែលអាចនាំទៅរកលទ្ធផលនៃការអភិវឌ្ឍន៍ប្រកបដោយសមធម៌ ភាពច្នៃប្រឌិត និងនិរន្តរភាពដើម្បីសង្គមទាំងមូលផងដែរ ។
កុមារី សូត្រ ភីម តំណាងឱ្យក្មេងស្រីជាអ្នកដឹកនាំវ័យក្មេងមកពីឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនភាពអង់អាចដល់ក្មេងស្រីទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈយុទ្ធនាការនេះ ផ្តោតលើគោលដៅចំបងចំនួន២ គឺ៖ទី១.លើកកម្ពស់ការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងគ្រប់តួអង្គពាក់ព័ន្ធក្នុងការលើកកម្ពស់ ការទទួលបានសិទ្ធិពេញលេញរបស់ក្មេងស្រី និងការចូលរួមរបស់ក្មេងស្រីនៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ។ ទី២.បង្កើនភាពអង់អាចរបស់ក្មេងស្រី នៅក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍សមត្ថភាព បង្កើនភាពអង់អាច និងបណ្តុះសក្តានុពលរបស់ខ្លួន និងបានចូលរួមដោយសកម្ម និងពេញលេញ នៅក្នុងការអភិវឌ្ឍន៍ជីវភាព និងការរស់នៅក្នុងគ្រួសារព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ។
ឯកឧត្តមអភិបាលខេត្តជឿជាក់ថា តាមរយៈការរៀបចំយុទ្ធនាការនៅក្នុងចំណោមអ្នកចូលរួមប្រមាណ៥០០នាក់នៅព្រឹកនេះ នឹងក្លាយទៅជាចលនារួមគ្នាមួយ ក្នុងការរួមចំណែកអប់រំអភិវឌ្ឍន៍សមត្ថភាព សីលធម៌គុណធម៌ សុជីវធម៌ និងថាមពលកុមារី.យុវតី ឱ្យមានភាពអង់អាច និងមានអនាគតល្អ ដើម្បីក្លាយជាធនធានមួយដ៏ចាំបាច់ ក្នុងការចូលរួមកសាងសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចំរើន នាពេលបច្ចុប្បន្ន និងនាពេលខាងមុខ ។
សូមបញ្ជាក់ថាៈព្រឹត្តិការណ៍រត់ដើម្បីក្មេងស្រី និងជាការអបអរសាទរទិវាអន្តរជាតិក្មេងស្រីឆ្នាំ២០២៤ ចាប់ផ្តើមចេញដំណើរពីសួនច្បារមុខសាលាខេត្ត ឆ្ពោះទៅរង្វង់មូលព្រះភិរុណ និងបន្តឆ្ពោះទៅកងចក្រ រួចបញ្ចប់នៅសួនច្បាមុខសាលាខេត្តវិញផងដែរ ៕












Post a Comment