ប្រធានាធិបតីហ្វីលីពីន ប្តេជ្ញាចាត់វិធានការឆ្លើយតប បន្ទាប់ពីមានការគំរាមកំហែងធ្វើឃាត

 ប្រភព៖ Reuters

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងធ្វើឃាត ដែលលោកចាត់ទុកថា ជាអំពើមិនសមរម្យ និងបង្កបញ្ហាដល់សន្តិសុខជាតិ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Sara Duterte បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា និយាយថា លោក Marcos នឹងត្រូវធ្វើឃាតភ្លាមៗ ប្រសិនបើលោកស្រីផ្ទាល់ត្រូវបានសម្លាប់។ ការគំរាមកំហែងនេះ បានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងលោក Marcos និងគ្រួសារ Duterte ដែលមានឥទ្ធិពលខ្លាំង នៅក្នុងនយោបាយហ្វីលីពីន។

លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា «សេចក្តីថ្លែងការណ៍ដែលយើងបានឮកាលពីថ្ងៃមុនគឺមានបញ្ហា... មាន​ការ​ប្រើ​ពាក្យ​ប្រមាថ និង​គំរាម​សម្លាប់​យើង​ ដោយ​មិនគិតពីផលលំបាករបស់វា... ខ្ញុំ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​គេ»

លោក Marcos បានថ្កោលទោស «ផែនការឧក្រិដ្ឋកម្ម» នេះ និងបានសន្យាថា នឹងចាត់វិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង។ លោកបានបញ្ជាក់ថា ការគំរាមកំហែងបែបនេះមិនអាចទទួលយកបាន ហើយលោកនឹងមិនអនុញ្ញាតឱ្យមាន អំពើឧក្រិដ្ឋកម្មបែបនេះកើតឡើងឡើយ។

ដោយឡែក ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីនបានចាត់ទុក អនុប្រធានាធិបតី លោកស្រី Sara Duterte ជាមេខ្លោង នៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Ferdinand Marcos ដោយទុកពេលឱ្យលោកស្រីចំនួន៥ថ្ងៃ ដើម្បីឆ្លើយតបចំពោះដីកាកោះហៅ។

ក្រុមអ្នកវិភាគនយោបាយមើលឃើញថា ការគំរាមកំហែងនេះ អាចប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅហ្វីលីពីន និងបង្កើនការប្រុងប្រយ័ត្នពីសំណាក់អាជ្ញាធរ៕



 

 

Powered by Blogger.