ថ្នាក់ដឹកនាំនិងមន្ត្រីនៃរតនាគារខេត្តស្ទឹងត្រែងតេស្តរកសារធាតុញៀន!

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ នៅរតនាគារស្ទឹងត្រែង ក្រុមការងារនៃលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានចុះពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រលើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យា។

លោក សេង ម៉ៅ ប្រធានរតនាគារខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងគ្រឿងញៀន ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបរតនាគារខេត្តបានស្នើសុំទៅរដ្ឋបាលខេត្តធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការទាំងអស់នៃរតនាគារខេត្តដើម្បីបញ្ជាក់ភាពស្អាតស្អំ ។

លោកបញ្ជាក់ថាៈការធ្វើតេស្តស្វែងរកសារធាតុញៀននាពេលនេះប្រសិនបើថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានៃរតនាគារស្ទឹងត្រែងណាម្នាក់រកឃើញថាមានសារធាតុញៀន នឹងត្រូវដកចេញពីក្របខណ្ឌ និងបញ្ឈប់ពីការងារ ។

លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានត្រួតពិនិត្យគ្រឿញៀននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

លោកបន្តរថា ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះថាគ្រឿងញៀនមានផលប៉ះពាល់ច្រើនណាស់ដល់ខ្លួនយើង និងសង្គមជាតិ ជាពិសេសវាបង្ករជាអសន្តិសុខក្នុងសង្គម និងធ្វើឱ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិ និងពិភពលោកផងដែរ ។

សូមបញ្ជាក់ថាក្រោយតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់៕








Powered by Blogger.