អាជ្ញាធរក្រុងព្រះសីហនុចុះហាមឃាតការដ្ឋានសំណង់មួយកន្លែងនៅសង្កាត់លេខ១ ដែលសង់លើដីចំណីសមុទ្រ និងតម្រូវឱ្យរុះរើចេញជាបន្ទាន់

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយ លោក ឃន ម៉ន នាយករងរដ្ឋបាលសាលាក្រុង បានចុះពិនិត្យទីតាំងសង់សំណង់លើចំណីសមុទ្រ មានទីតាំងស្ថិតនៅភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

បន្ទាប់ពីក្រុមការងារចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា នៅលើទីតាំងកំពុងមានសកម្មភាពជួសជុលសំណង់ចាស់ដែលមានស្រាប់ មានទំហំ ៤,៦ម៉ែត្រគុណ១២ម៉ែត្រ និងកម្ពស់២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១)

ជាមួយគ្នានេះនៅលើទីតាំងក៏មានការសាងសង់សំណង់ពង្រីកបន្ថែមអំពីបេតុង មានទំហំ ៥,៥ម៉ែត្រគុណ ២២,៤ម៉ែត្រដោយបានបណ្តុះសសរបេតុង និងមានកម្ពស់ ៣ជាន់ (ជាន់ទី១ ជាន់ទី២ និងជាន់ទី៣) ក្នុងនោះបានចាក់ប្លង់សេរួច និងរៀបឥដ្ឋជញ្ជាំងបានមួយចំនួន ស្ថិតនៅលើដីចំណីសមុទ្រទាំងស្រុង។

ក្រុមការងារបានជួប និងសាកសួរឈ្មោះ សុខ គឹម ភេទស្រី កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៣ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នផ្ទះ១៦អឺ០អឺ១អឺ២ ផ្លូវ២៩៩ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញជាអ្នកមើលការខុសត្រូវទីតាំងសំណង់ខាងលើ ដូច្នេះក្រុមការងារថាទីតាំងសង់សំណង់ខាងលើនេះពុំមានលិខិតអនុញ្ញាតសាងសង់ទេ ហើយគាត់និងក្រុមជាងចំនួន ០៤នាក់ទៀត មកមើលការខុសត្រូវ និងសង់សំណង់នេះតាមរយៈមេការ (មិនស្គាល់ឈ្មោះ)។ រូបគាត់ទាំង០៥នាក់ សូមធ្វើការសន្យាចំពោះមុខក្រុមការងារថា នឹងបញ្ឈប់សកម្មភាពសាងសង់សំណង់លើចំណីសមុទ្រដោយពុំមានលិខិតអនុញ្ញាតចាប់ពីថ្ងៃផ្ដិតស្នាមមេដៃនេះតទៅ។អំឡុងពេលក្រុមការងារចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង ពុំបានជួបជាមួយម្ចាស់សំណង់ខាងលើនេះទេ។

ក្រុមការងារតម្រូវឱ្យម្ចាស់សំណង់ និងក្រុមជាងបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់លើដីចំណ៏សមុទ្រ និងត្រូវធ្វើការរុះរើសំណង់ចេញពីចំណីសមុទ្រជាបន្ទាន់ហើយសម្រេចដកហូតយកសម្ភារសាងសង់រួមមាន ម៉ូទ័រកាត់ដែក ០១គ្រឿង, ប៉ែលជីកចំនួន ០២ដើម,ម៉ូទ័រស្វាន ០១គ្រឿង, ម៉ែត(៧,៥ម) ០១គ្រឿង, ស្លាបព្រាកំបោរចំនួន ០៣ដើម, ដែកដក ០១ដើម, ញញួរចំនួន ០៣ដើម, នីវ៉ូថ្លឹង ០១ដើម និងម៉ូទ័រយោង ០១គ្រឿង យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ ក្នុងករណីម្ចាស់សំណង់ និងក្រុមជាងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារ នោះក្រុមការងារនឹងចាត់វិធានការតាមនីតិវិធីច្បាប់៕








Powered by Blogger.