អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែមកវត្តខ្មែរក្រោមចំណាយថវិកាជាង ២លានដុល្លារ
ភ្នំពេញ៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តពោធិគិរីវង្សារាម នៅខេត្តត្រាវិញ ប្រទេសវៀតណាម បានចំណាយថវិកាសរុបជាង ៦០ប៊ីលានដុង ស្មើនឹងជាង២លានដុល្លារអាមេរិក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានហៅអង្គកឋិនទាននេះ ជាការស្តែងឱ្យឃើញថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរនៅកម្ពុជា និងខ្មែរនៅគ្រប់ទិសទីតែងតែនឹករឭកគ្នា និងតែងតែស្កាត់ជួបជុំគ្នាក្នុងឱកាសបុណ្យទាន។
បន្ទាប់ពីការប៉ុនប៉ងអស់រយៈពេលប្រមាណជា១២ឆ្នាំ
ទីបំផុតបំណងប្រាថ្នារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
បានដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះមកកាន់វត្តខ្មែរក្រោមបានដូចការគួចប៉ងហើយ។
បន្ទាប់ពីបានក្រុងពាលី និងសូត្រមន្តតាមពិធីសាសនារួចរាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា
ឆ្នាំ២០២៤រួចរាល់ហើយនោះ នៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
បានដឹកនាំដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម។
ពិធីដង្ហែអង្គកឋិនទានកើតចេញពីកម្លាំងសាមគ្គីរបស់ខ្មែរទាំងផ្នែកពុទ្ធចក្រ
និងអាណាចក្រ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា
រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត មន្ត្រីរាជការ
និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបទៀត។ បន្ទាប់ពីការធ្វើដំណើរដោយចំណាយថេរវេលាសរុបប្រមាណជា៦ម៉ោង
បូករួមទាំងការផ្លាស់ប្តូររថយន្តនៅព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលផងនោះ
នៅវេលាម៉ោងជិត១រសៀល ក្បួនដង្ហែអង្គកឋិនទានបានដង្ហែដល់ទីរួមខេត្តត្រាវិញ៕



Post a Comment