ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចូលរួមធ្វើជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានចូលរួមធ្វើជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាបឋម-អនុវិទ្យាល័យតេជាសែន កម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រោយពីស្ដាប់របាយការណ៍របស់លោកនាយកសាលារួចមកលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានមានប្រសាសន៍ថាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀននៅកម្រិតមត្តេយ្យនិងបឋមសិក្សា និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល០១ឆ្នាំកន្លងទៅ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ថ្លែងអំណរគុណដ៏ស្មោះ ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រ ដល់សិស្សានុសិស្សគ្រប់រូបភាព នាឆ្នាំសិក្សាចាស់កន្លងមកនេះ។ នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤កន្លងទៅបានសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំ និងបរិស្ថានសិក្សានៅតាមសាលារៀនក្នុងខេត្តព្រះសីហនុ តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់និងជួសជុលអគារសិក្សា ការសាង់សង់បណ្ណាល័យស្តង់ដា ការរៀបចំទីលានកីឡា ការរៀបចំអាហារដ្ឋាននិងចំណត ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួន ជីវៈជីវៈចម្រុះ និងសួនអំណាន ព្រមទាំងសម្ភារ និងបរិក្ខារពេទ្យមួយចំនួនសម្រាប់ចែកជូនដល់ គ្រឹះស្ថានសិក្សានានាក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដោយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតសំខាន់លើការកសាងមូលធនមនុស្ស។ ពាក្យថាមូលធនមនុស្សគឺសំដៅលើបុគ្គលដែលមានចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន។ ហេតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធម៌និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក“ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីកាអប់រំ”។”ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជននិងកីឡាបានបញ្ចូលវិធានការគន្លឹះទាំង ៤ខាងលើទៅក្នុង “ស្តង់ដាសាលារៀនគំរូ ដែលមាន ៥ស្ដង់ដាសម្រាប់សាលាមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។ ក្នុងនោះខេត្តព្រះសីហនុ មានសាលារៀនចំនួន៥បានជាប់ជ័យលាភីសាលារៀនគំរូ ក្នុងឆ្នាំ២០២៤ ហើយខ្ញុំមានជំនឿមុតមាំថានឹងទទួលបានជ័យលាភីច្រើនបន្ថែមទៀតសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។តាមរយៈសមិទ្ធផល បទពិសោធ និងការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ
លោក លោកស្រីនាពេលកន្លងមកនិងទៅអនាគត គឺជាធាតុចូលដ៏សំខាន់សម្រាប់ជួយជំរុញ និងលើកទឹកចិត្តដល់សិស្សក្នុងការសិក្សារៀនសូត្រឱ្យសម្រេចគោលបំណងនៃការសិក្សា ក្លាយជាមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យឱ្យមានការរីកចម្រើនឆាប់រហ័ស ទាន់បណ្តាប្រទេសនានាក្នុងតំបន់ និងសកលលោក ជាពិសេស ប្រែក្លាយខេត្តព្រះសីហនុ ឱ្យសក្តិសមជាខេត្តដែលត្រូវបានចាត់ទុកថាជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យខាងលើ និងដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថាក្រោយពីប្រគល់លិខិតសរសើរដល់សិស្សានុសិស្សដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ រួចមកលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុកបានផ្ដល់ថវិកាដល់លោកនាយកសាលាចំនួន៥នាក់ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀលនិងលោកគ្រូអ្នកគ្រូចំនួន១១នាក់និងម្នាក់ៗទទួលបានថវិការ១០ម៉ឺនរៀលផងដែរ៕









Post a Comment