រុស្ស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិ ដ៏ទូលំទូលាយ

 ប្រភព៖ ​Reuters

ម៉ូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា រុស្ស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងពេលឆាប់ៗនេះ ដោយសន្ធិសញ្ញានេះនឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ។

ការប្រកាសនេះ ធ្វើឡើងនៅចំពេលដែលរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលសុទ្ធតែជាប្រទេសដែលមានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាមេរិក។ រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិមួយរួចហើយ កាលពីខែមិថុនា។

លោក Lavrov បានប្រាប់ទូរទស្សន៍រដ្ឋថា «សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងអ៊ីរ៉ង់ ដែលកំពុងត្រូវបានរៀបចំនឹងក្លាយជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់»។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗ ហើយរុស្ស៊ីរំពឹងថាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូមុនដំណាច់ឆ្នាំនេះ។

លោក Lavrov បាននិយាយទៀតថា សន្ធិសញ្ញានេះនឹងបញ្ជាក់ពីបំណងប្រាថ្នារបស់ភាគីទាំងពីរក្នុងការធ្វើការជាមួយគ្នា លើវិស័យការពារជាតិដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខទាំងក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃសន្ធិសញ្ញានេះទេ៕



Powered by Blogger.