រុស្ស៊ី ព្រមាននឹងចាត់វិធានការសងសឹក ប្រសិនបើអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅជប៉ុន

 ប្រភព៖ Reuters

មូស្គូ រុស្ស៊ីបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹក ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅក្នុងប្រទេសជប៉ុន។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកនិងជប៉ុន កំពុងពិចារណាដាក់ពង្រាយមីស៊ីលនៅលើកោះជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីចិន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា ការដាក់ពង្រាយមីស៊ីលបែបនេះ នឹងគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ហើយវានឹងជំរុញឱ្យរុស្ស៊ី ចាត់វិធានការសងសឹកជាចាំបាច់។

លោកស្រី Zakharova បាននិយាយ ដូច្នេះថា «យើងបានព្រមានម្តងហើយម្តងទៀតដល់ភាគីជប៉ុនថា ប្រសិនបើជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការបែបនេះ មីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក លេចឡើងនៅលើទឹកដីរបស់ជប៉ុន វានឹងបង្កការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខរបស់ប្រទេសយើង...រុស្ស៉ីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់ខ្លួន»

លោកស្រី Zakharova បានបន្ថែមថា ជប៉ុនកំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយប្រើប្រាស់លេសនៃការគំរាមកំហែងពីចិន ដើម្បីពង្រីកទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក។ លោកស្រី ក៏បានលើកឡើងពីគោលលទ្ធិនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី ដែលបានពង្រីកបញ្ជីនៃសេណារីយ៉ូ ដែលរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ៕



 

Powered by Blogger.