ហ្វីលីពីន៖ អនុប្រធានាធិបតី គំរាមសម្លាប់ប្រធានាធិបតី
ប្រភព៖ Reuters
ម៉ានីល៖ ក្រុមមន្ត្រីសន្តិសុខនៅក្នុងប្រទេសហ្វីលីពីន បានពង្រឹងកិច្ចការពារសន្តិសុខ បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី Sara Duterte បានគំរាម ជាសាធារណៈថាលោកស្រីបានជួលឃាតកម្នាក់ដើម្បីសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ប្រសិនបើខ្លួនលោកស្រីផ្ទាល់ត្រូវគេសម្លាប់។
ជម្លោះរវាងគ្រួសារលោក Duterte
និងគ្រួសារលោក Marcos បានរាលដាលកាន់តែធំនារយៈពេលប៉ុន្មានខែចុងក្រោយនេះ
ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស និងសង្រ្គាម ប្រឆាំងគ្រឿងញៀនរបស់លោក Duterte។
ជាសញ្ញានៃជម្លោះកាន់តែក្ដៅគគុករវាងគ្រួសារលោក Duterte
និងគ្រួសារលោក Marcos លោកស្រី Sara
Duterte បាននិយាយដោយឥតលាក់លៀមនៅឯសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃសៅរ៍ថាលោកស្រីបានជួលឃាតកម្នាក់
ហើយបានបញ្ជាឱ្យរូបគេសម្លាប់លោក Marcos និងភរិយារបស់លោក
ព្រមទាំងប្រធានសភាហ្វីលីពីន នៅក្នុងករណីដែលលោកស្រីត្រូវបានគេសម្លាប់។
ក្រោយការគំរាមរបស់លោកស្រី Sara
Duterte ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
អាជ្ញាធរសន្តិសុខហ្វីលីពីនបានប្រកាសពង្រឹងកិច្ចការពារ សន្តិសុខ
ជាមួយការបង្កើនការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអនុវត្តច្បាប់ទាំងអស់
ដើម្បីបញ្ចៀស និងទប់ស្កាត់រាល់ការគំរាមកំហែងដល់លោកប្រធានាធិបតី Marcos និងគ្រួសាររបស់ លោក។
លោក Eduardo Ano ជាទីប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន
បាននិយាយថារដ្ឋាភិបាល ចាត់ទុករាល់ការគំរាមកំហែងដល់ប្រធានាធិបតី
គឺជាបញ្ហាសន្តិសុខជាតិ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីអនុវត្តច្បាប់
និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីស៊ើបអង្កេតការគំរាម កំហែង
និងអាចវែកមុខជនល្មើស។ លោក Ano បញ្ជាក់ថា«រាល់ការគំរាមកំហែងទាំងអស់ដល់អាយុជីវិតរបស់ប្រធានាធិបតី
គឺត្រូវតែធ្វើការផ្ទៀងផ្ទាត់ និងចាត់ទុកជាបញ្ហាសន្តិសុខជាតិ»៕

Post a Comment