សម្តេចធិបតី អបអរសាទរជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអបអរសាទរជូន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងសារមួយតាមរយៈបណ្តាញសង្គម ដែលបង្ហាញអំពីការចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ
ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
ដោយមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
និងមានសមាជិកសភាសរុប១១២រូបចូលរួម។ កិច្ចប្រជុំមានរបៀបវារៈចំនួន៤
ក្នុងនោះរបៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល
និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន០២រូប។
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១
នៃព្រឹទ្ធសភា ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី
ស្នើឱ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើតែងតាំងជា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការបរទេសឡើងវិញ ដែលជាតំណែងចាស់របស់លោក ក្នុងចុងអាណត្តិទី៥
និងទី៦។
ការបោះឆ្នោតគាំទ្រ ឯកឧត្តម ប្រាក់ សុខុន
ជារដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើឡើងជាឯកច្ឆ័ន្ធក្រោមសំឡេង ១១២ លើ១១២សំឡេង។
ជាមួយគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតគាំទ្រ ឯកឧត្តម សុខ ចិន្តាសោភា
ជាឧបនាយករដ្ឋមន្រ្តីផងដែរ។
សូមជម្រាបថាសម័យប្រជុំរដ្ឋសភាលើកទី៣
នីតិកាលទី៧ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានរបៀបវារៈចំនួន ៤៖
១)
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល
និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។
២) ការពិភាក្សា
និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង
និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី
ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ
និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣) ការពិភាក្សា
និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី
ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី
ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

Post a Comment