រុស្ស៉ី ចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់តៃវ៉ាន់ ដើម្បីបង្កើតវិបត្តិក្នុងតំបន់អាស៊ី
ប្រភព៖ Reuters
មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Andrei Rudenko បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ តៃវ៉ាន់ ដើម្បីបង្កជាវិបត្តិធ្ងន់ធ្ងរមួយនៅក្នុងតំបន់អាស៊ី និងបានបញ្ជាក់ឡើងវិញពីការគំាទ្ររបស់ទីក្រុងមូស្គូដល់គោលជំហររបស់ចិនចំពោះតៃវ៉ាន់។
កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ
បៃដិន បានអនុម័តកញ្ចប់ថវិកា ៥៦៧លានដុល្លារ សម្រាប់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់
ហើយនៅពេលនោះ រុស្ស៉ី ក៏បានចេញមុខប្រកាសពីជំហរគាំទ្រចិនផងដែរ។ តែយ៉ាងណា
ខាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Rudenko។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៉ី TASS
ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកានេះ លោក Rudenko
បានកត់សម្គាល់ថា «យើងកំពុងឃើញថា
ទីក្រុងវ៉ាស៊ីនតោន ដែលបានបំពានគោលការណ៍ចិនតែមួយ កំពុងពង្រឹងទំនាក់ទំនងយោធា
និងនយោបាយជាមួយទីក្រុងតៃប៉ិ នៅក្រោមពាក្យស្លោករក្សាស្ថានភាពដើម
និងការបង្កើនការផ្គត់ផ្គង់អាវុធ»។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះក៏បានចោទប្រកាន់ដែរថាគោលដៅចម្បងរបស់សហរដ្ឋអាមេរិក
ក្នុងការលូកលាន់កិច្ចការក្នុងតំបន់ នោះគឺ រករឿងឈ្លោះជាមួយចិន
និងបង្កឱ្យមានវិបត្តិមួយនៅក្នុងតំបន់អាស៊ី ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន៕

Post a Comment