ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ
ស្តីពីពិភពលោកគ្មានមីន មានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ
៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០
ហើយបាននិងកំពុងបំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ
និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា
គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។
អនុសញ្ញាអូតាវ៉ា
គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់
ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។
អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា
មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក
និងជាដៃគូ។
អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក
ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា
មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ
បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់
ហើយបើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត២៥ឆ្នាំនេះ
ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ត្រូវបានរកឃើញ
និងកម្ទេចចោល។
ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា
ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
អនុសញ្ញាអូតាវ៉ា
បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក
ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ពាន់នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា
និងការប្តូរផ្តាច់រួមគ្នាជាសកលដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។
អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាមនុស្សធម៌
ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួមសង្គ្រោះសហគមន៍មូលដ្ឋាន
ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម
និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព
ក្នុងរយៈពេល២៥ឆ្នាំមកនេះ៕

Post a Comment