អ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់មីស៊ីលរយៈចម្ងាយរបស់អាមេរិក វាយប្រហារលើទឹកដីរុស្ស៊ី
ប្រភព៖ Reuters
គៀវ៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ីជាលើកដំបូង កាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី ១,០០០ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
ការវាយប្រហារនេះ
ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែន
ប្រើប្រាស់មីស៊ីលរយៈចម្ងាយទាំងនោះ ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី
ដែលជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ។
រុស្ស៊ីបានអះអាងថា
ខ្លួនបានបាញ់ទម្លាក់កាំជ្រួច ៥គ្រាប់ ក្នុងចំណោម ៦គ្រាប់ ដែលអ៊ុយក្រែនបានបាញ់
ហើយគ្រាប់មួយទៀតបានធ្លាក់នៅទីតាំងយោធា ក្នុងតំបន់ Bryansk ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតអ្វីឡើយ។ អ៊ុយក្រែនបានអះអាងថា
ខ្លួនបានវាយប្រហារឃ្លាំងអាវុធរបស់រុស្ស៊ី
ប៉ុន្តែមិនបានបញ្ជាក់ថាបានប្រើប្រាស់អាវុធប្រភេទណានោះទេ។
នៅក្នុងសុន្ទរកថាទៅកាន់សភាកាលពីពេលថ្មីៗនេះ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសង្កត់ធ្ងន់ថា
«ពេលវេលាដ៏មុតស្រួច» នៃសង្រ្គាមនឹងមកដល់នៅឆ្នាំក្រោយ...នៅក្នុងដំណាក់កាលនៃសង្រ្គាមនេះ
វានឹងសម្រេចថាអ្នកណានឹងឈ្នះ។ មិនថាយើងលើសត្រូវ ឬសត្រូវលើយើងអ៊ុយក្រែន...
និងអឺរ៉ុប។ ហើយអ្នកគ្រប់គ្នានៅក្នុងពិភពលោក ដែលចង់រស់នៅដោយសេរី
និងមិនត្រូវស្ថិតនៅក្រោមការជនផ្តាច់ការ»។
ការប្រើប្រាស់មីស៊ីល ATACMS
របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីចាត់ទុកថា ជាការកើនឡើងនៃជម្លោះ
និងបានព្រមានថា នឹងមានការសងសឹក។
ការវាយប្រហារនេះធ្វើឡើងនៅពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយដល់ ១,០០០ថ្ងៃ ហើយមានភាពមិនប្រាកដប្រជា អំពីការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន
នាពេលអនាគត ជាពិសេសបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។
អ្នកជំនាញខាងយោធានិយាយថា
មីស៊ីលរបស់អាមេរិកអាចជួយអ៊ុយក្រែនការពារទឹកដី ដែលខ្លួនបានគ្រប់គ្រង
ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរដំណើរនៃសង្រ្គាមនោះទេ៕

Post a Comment